ព័ត៌មានជាតិ

គណៈសង្ឃនាយកកម្ពុជា ៖ ថៃ វាយកម្ទេចរូបទេវរូបវិស្ណុ ប៉ះពាល់ដល់ជំនឿ-អារម្មណ៍ អ្នកកាន់សាសនា ទូទាំងពិភពលោក

ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ជាទីបំផុត ចំពោះទាហានថៃ ដែលបានវាយកម្ទេច រូបសំណាកទេវរូបវិស្ណុ ស្ថិតនៅតំបន់អានសេះ ខេត្តព្រះវិហារ ក្នុងដែនអធិបតេយ្យកម្ពុជា ព្រោះធ្វើឱ្យប៉ះពាល់ដល់ជំនឿ និងអារម្មណ៍ នៃអ្នកគោរពសាសនា ទូទាំងពិភពលោក ។

យោងតាម ញត្តិថ្កោលទោសរបស់គណៈសង្ឃនាយកកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ការវាយកម្ទេចនេះ ធ្វើឱ្យប៉ះពាល់ដល់ជំនឿ និងអារម្មណ៍នៃអ្នកគោរពសាសនាមិនគ្រាន់តែនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ជំនឿ និងអារម្មណ៍នៃអ្នកគោរពសាសនាទូទាំង ពិភពលោកទាំងមូល ពីព្រោះរូបសំណាកទេវរូបវិស្ណុនេះ ត្រូវបានគោរពបូជាយ៉ាងខ្ពង់ខ្ពស់ដោយប្រជាជនទូទៅ និងជាបេតិកភណ្ឌវប្បធម៌ អរិយធម៌រួមរបស់មនុស្សជាតិដែលមានតម្លៃកាត់ថ្លៃមិនបាន។

ញត្តិបន្តថា ជាងនេះទៀត កងទ័ពថៃបានឈ្លានពានលើ ដែនអធិបតេយ្យកម្ពុជាដោយប្រើ ប្រាស់អាវុធគ្រប់ប្រភេទ និងយន្តហោះគ្មានមនុស្ស បើកទម្លាក់គ្រាប់បែក ផ្សែងពុល គ្រាប់បែកចង្កោម ព្រមទាំងនាវាចម្បាំងបាញ់ប្រហារ លើជនស៊ីវិលដែលបណ្តាលឱ្យស្លាប់ និងរងរបួសជនស៊ីវិល ស្លុតត្រង់កម្ពុជាមួយចំនួន។ ក្រៅពីនេះ សិស្សសាលា កុមារា កុមារី ក្មេងចាស់ប្រុសស្រី ត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាព ហើយផ្ទះសម្បែង មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវថ្នល់ ប្រាសាទ រូបសំណាកមួយចំនួនទៀតត្រូវបានបំផ្លិចបំផ្លាញគួរឱ្យសោកស្តាយ ។

គណៈសង្ឃនាយកកម្ពុជា ក៏អំពាវនាវដល់សហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងមានវិធានការណ៍ ជាក់ស្តែង ចំពោះការបាញ់ប្រហារម្តងហើយម្តងទៀត និងការរំលោភបំពាន លើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ព្រមទាំងឱ្យភាគីថៃ ទទួលខុសត្រូវទាំងស្រុងលើការរំលោភបំពាននេះ ។ ទន្ទឹមនឹងនេះ គណៈសង្ឃនាយក ស្នើសហគមន៍អន្តរជាតិ ប្រទេសជាមិត្ត ភាគីពាក់ព័ន្ធ និងអ្នកជំនាញអន្តរជាតិ បើកការស៊ើបអង្កេត ដោយការបាញ់ប្រហារនេះផងដែរ ៕

To Top