ភ្នំពេញ៖ ស្របពេល ដែលក្រសួងសុខា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាថ្មីឡើងវិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋ ទៅកន្លែងណា ដែលមិនចាំបាច់ទៅ ជាពិសេសទីកន្លែង ដែលមានក្រុមមនុស្សច្រើន និងធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជានិច្ច ដើម្បីបង្ការការចម្លងជំងឺ ដ៏កាចសាហាវនេះ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ ឧសភានេះថា “សូមបងប្អូនជនរួមជាតិ មានការប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងកូវីដ-១៩ កាលពីសប្តាហ៍មុន ប្រទេសយើងបានព្យាបាល អ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះ យើងក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២នាក់មកវិញ។ ស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩ តាមការបញ្ជាក់ របស់អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ គឺបានកើនឡើងរហូតដល់ជិត ៥លាននាក់ (៤,៩៩៥,៩៩៦) ដែលមានអ្នកស្លាប់ ជាង៣០ម៉ឺននាក់ (៣២៧,៨២១) ។ ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំងណាស់ ដែលកំពុងវាយលុកលើ ២១៦ ប្រទេស”។
សម្ដេចតេជោ ឲ្យបន្ថែមថា” ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់ អំពីជំងឺឆ្លងដ៏កាចសាហាវនេះ។ ត្រូវបង្កើនអនាម័យសុខភាព រស់នៅអោយបានល្អ គឺត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃ អោយបានស្អាត ជាប្រចាំជាមួយសាប៊ូ, ទឹកអាល់កុលឬ ចឹលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ បើមានការសង្ស័យ ទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វមកលេខ ១១៥។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេ មកក្រុមគ្រួសារយើងផងដែរ។ កន្លែងណា ដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសទីកន្លែង ដែលមានក្រុមមនុស្សច្រើន។ សូមស្តាប់និងធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល អោយបានជាប់ជានិច្ច”។
សម្ដេចនាយករដ្ឋមន្រ្តី ក៏បានជូនពរបងប្អូន ជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៤នាក់ហើយ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន១២២នាក់ ខណៈ២នាក់ ដែលទើបរកឃើញថ្មី កំពុងសម្រាកព្យាល៕