នយោបាយ

សម្តេចតេជោ ឲ្យអ្នកចូលរួម តាមផែនការក្បត់ជាតិ ជាមួយសម រង្ស៊ី ចូលសារភាពទើបរួចខ្លួន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យអ្នកពាក់ព័ន្ធចូលរួម ក្នុងផែនការក្បត់ជាតិជាមួយ លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្គ្រោះជាតិ ទាំងអ្នកចាប់ខ្លួន និងមិនទាន់ចាប់ខ្លួន ត្រូវចូលសារភាព កំហុសទើបមានសេរីភាព ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោបានអំពាវនាវ ដល់អ្នកពាក់ព័ន្ធ ក៏ដូចជាអ្នក ដែលត្រូវបានចាប់ខ្លួន គួរប្រញ៉ាប់មកសារភាព នូវទោសកំហុសរបស់ខ្លួន ។

សម្តេចបន្តថា មុខសញ្ញាអ្នកដែល ចូលរួមត្រូវបានសមត្ថកិច្ច បានដឹងអស់ហើយ ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងមានឈ្មោះក្នុងបញ្ជីរួចហើយ សារភាព ។ អ្នកឯងមិនអាចទៅណារួចទេ អីចឹងដើម្បីជៀសវាងមានបញ្ហាដល់ខ្លួន អ្នកឯងចេញមក យើងនឹងសណ្តោប្រណីឲ្យអ្នកឯង ។ ខ្លួនបានបោះបង់ផែនការក្បត់ ផែនការផ្តួលរំលំរដ្ឋាភិបាល ហើយអីចឹងគ្មានអ្វីទៀតទេ» ។

សម្តេចតេជោ ក៏បានស្នើសុំការយោគយល់ ពីមិត្តបរទេស ព្រោះកម្ពុជា គ្មានជម្រើសណាក្រៅ ពីការការពារជីវិត ប្រជាជននៅក្នុងសុខសន្តិភាពមួយ ដែលមិនត្រូវឲ្យបំផ្លាញ ដោយសារមនុស្សមួយក្រុមតូច នោះទេ ។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ធ្វើឯងសំបើមជាងសម្តេចព្រះនរោត្តមសីហនុទៅទៀត ។ ពេលព្រះយាងចូលក្នុងតំបន់រំដោះក្នុងឆ្នាំ១៩៧៣ ពេលនោះគ្មានយុទ្ធនាការ ដូចសព្វថ្ងៃនេះទេ ។ ពិតមែនពេលនោះខាងកងទ័ពអាមេរិក វៀតណាមខាងត្បូង រកវិធីទំលាក់គ្រាប់បែកតាមផ្លូវលំ ដើម្បីកម្ទេសសម្តេចព្រះនរោត្តមសីហនុ» ៕ ដោយ ស សំណាង

To Top