ព័ត៌មានជាតិ

អាជ្ញាធរមីន៖ ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ គឺជាកិច្ចការចាំបាច់ ដើម្បីធានាសុខសុវត្ថិភាពជូនជនភៀសសឹក

បាត់ដំបង៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ គឺជាកិច្ចការចាំបាច់មួយដែល សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជនភៀសសឹក ជាពិសេសកុមារ។

លោកបណ្ឌិត លី ធុជ បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ក្នុងកម្មវិធីលើកផ្ទាំងប៉ាណូអប់រំ អំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅមុខអនុវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាតំបន់រងការទម្លាក់គ្រាប់បែកពីយោធាថៃ អំឡុងសង្រ្គាមលើកទី២រវាងកម្ពុជា-ថៃ។

ក្នុងកម្មវិធីនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ថា ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ គឺជាកិច្ចការចាំបាច់មួយដែល សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជនភៀសសឹក ជាពិសេសកុមារ ដើម្បីបង្ការនិងទប់ស្កាត់ការគ្រោះថ្នាក់ ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយយោធាថៃ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសចិន ដែលជួយគាំទ្រដល់កម្មវិធីអប់រំនេះ ក៏ដូចជាប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបាននិងកំពុងជួយគាំទ្រដល់វិស័យមីនមនុស្សធម៌នៅកម្ពុជា ហើយតាមរយៈជំនួយនេះ ជីវិតមនុស្សរាប់ម៉ឺននាក់ត្រូវបានជួយសង្រ្គោះ និងសហគមន៍ជាច្រើនត្រូវបានស្តារឡើងវិញ។

ពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា-ថៃបច្ចុប្បន្ននេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងគាំទ្រវិធានការសន្តិភាពរបស់សម្តេច ក្នុងការការពារអធិបតេយ្យភាព និងអនាគតរបស់ជាតិខ្មែរ ទាំងផ្នែកនយោបាយ ការទូត ច្បាប់អន្តរជាតិ សន្តិសុខ និងការពារជាតិ។

លោកមបណ្ឌិត លី ធុជ បន្តទៀតថា បន្ទាប់ពីទទួលការឈឺចាប់ និងការរំលោភឈ្លានពានពីភាគីថៃមកលើអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ និងរួបរួមគ្នាជាឯកភាពជាតិ មិនបែកបាក់ មិនឲ្យអារម្មណ៍កំហឹងនាំទៅកាន់អំពើហិង្សា ប៉ុន្តែត្រូវរឹងមាំដោយស្មារតីសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការការពារផលប្រយោជន៍ជាតិដោយភាពថ្លៃថ្នូរ៕

To Top