ព័ត៌មានអន្តរជាតិ

ឡាវ កំណត់គោលដៅកំណើនសេដ្ឋកិច្ច ឱ្យបានយ៉ាងហោចណាស់៦ភាគរយ នៅឆ្នាំ២០២៦

បរទេស៖ មន្ត្រីបាននិយាយថា រដ្ឋាភិបាលឡាវ បានកំណត់គោលដៅកំណើនសេដ្ឋកិច្ច យ៉ាងហោចណាស់ ៦ភាគរយនៅឆ្នាំ ២០២៦ ដោយមានការគាំទ្រពីកំណែទម្រង់សារពើពន្ធ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការរៀបចំសម្រាប់ការបោះឆ្នោតជាតិ។

យោងតាមសារព័ត៌មាន Laotian Times ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាល លោក Sonexay Sitphaxay បានប្រកាសពីគោលដៅនេះនៅថ្ងៃទី ១៣ ខែមករា បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលលើកទីពីរដែលបានធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែមករា។

សសរស្តម្ភសំខាន់នៃរបៀបវារៈឆ្នាំ ២០២៦ គឺការពង្រឹងហិរញ្ញវត្ថុសាធារណៈ។ អាជ្ញាធរមានគោលបំណងបង្កើនប្រាក់ចំណូលរដ្ឋដល់យ៉ាងហោចណាស់ ២០ ភាគរយនៃផលិតផលក្នុងស្រុកសរុប តាមរយៈកំណែទម្រង់ដើម្បីធ្វើទំនើបកម្មប្រព័ន្ធពន្ធ និងការប្រមូលចំណូល។

មន្ត្រីបាននិយាយថា វិធានការទាំងនេះមានបំណងបិទគម្លាតពន្ធ កែលម្អការអនុលោមតាមច្បាប់ និងបង្កើនប្រសិទ្ធភាព។

ការគ្រប់គ្រងអតិផរណានៅតែជាអាទិភាពបន្ទាប់ពី តម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះពីកម្រិតកំពូល ៣១,២៣ ភាគរយនៅឆ្នាំ ២០២៣ មកត្រឹម ២៣,១៣ ភាគរយនៅឆ្នាំ ២០២៤ និង ៧,៧ ភាគរយនៅឆ្នាំ ២០២៥។

រដ្ឋាភិបាលឡាវកំពុងអនុវត្តគោលនយោបាយ ដើម្បីធ្វើឱ្យអត្រាប្តូរប្រាក់មានស្ថេរភាព ពង្រឹងប្រាក់គីបឡាវ និងពង្រីកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងការជួញដូរក្នុងតំបន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top