ចិន អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីទប់ស្កាត់ជប៉ុនពីការវិលត្រឡប់ ទៅរកមាគ៌ាយោធានិយម
ប៉េកាំង៖ បេសកជនចិនម្នាក់ បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាទប់ស្កាត់ប្រទេសជប៉ុនពីការវិលត្រឡប់ទៅរក “មាគ៌ាយោធានិយមចាស់ និងគ្រោះថ្នាក់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Sun Lei ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវនៅក្នុងសម័យប្រជុំលើកដំបូងនៃគណៈកម្មាធិការរៀបចំសម្រាប់សន្និសីទពេញសិទ្ធិរបស់អង្គការសហប្រជាជាតិស្តីពីការបង្ការ និងការផ្តន្ទាទោសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ បង្កើតបានជាបទល្មើសធ្ងន់ធ្ងរដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ លោកបានឲ្យដឹងថា ការចោទប្រកាន់នេះបានលេចឡើងជាលើកដំបូងនៅក្នុងធម្មនុញ្ញនៃតុលាការយោធាអន្តរជាតិនៅទីក្រុង Nuremberg និងធម្មនុញ្ញនៃតុលាការយោធាអន្តរជាតិ សម្រាប់ចុងបូព៌ា ដែលបង្ហាញពីសតិសម្បជញ្ញៈរបស់មនុស្សជាតិ។
ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ យោធានិយមរបស់ជប៉ុន បានបង្កអំពើឃោរឃៅយ៉ាងធ្ងន់ធ្ងរលើប្រជាជនចិន ប្រទេសអាស៊ីដទៃទៀត និងពិភពលោក។ លោកបានកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី ៨០ នៃការចាប់ផ្តើមការងាររបស់តុលាការយោធាអន្តរជាតិ សម្រាប់ចុងបូព៌ា ជុំវិញ ការកាត់ក្តីទីក្រុងតូក្យូ។
លោកបានលើកឡើងថា “តុលាការបានវិនិច្ឆ័យ និងលាតត្រដាងជាប្រព័ន្ធនូវឧក្រិដ្ឋកម្មយោធានិយមរបស់ជប៉ុន ក្នុងការរៀបចំផែនការ ការរៀបចំ និងការឈ្លានពានប្រទេសចិន និងប្រទេសអាស៊ីដទៃទៀត ក៏ដូចជាក្នុងការចាប់ផ្តើមសង្គ្រាមប៉ាស៊ីហ្វិក។ ស្ថាប័ននេះបានកាត់ទោសឧក្រិដ្ឋជនសង្គ្រាមពាក់ព័ន្ធចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិភាព ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ”។
លោកបានបន្ដថា ការកាត់ក្តីនៅទីក្រុងតូក្យូគឺជាភស្តុតាងប្រវត្តិសាស្ត្រ ដែលមិនអាចប្រកែកបាននៃឧក្រិដ្ឋកម្មឈ្លានពានរបស់ប្រទេសជប៉ុន ជាអ្នកត្រួសត្រាយផ្លូវនៃការអភិវឌ្ឍច្បាប់ព្រហ្មទណ្ឌអន្តរជាតិ និងបានបន្លឺសំឡេងអំពាវនាវឱ្យមានសន្តិភាព ដើម្បីកែតម្រូវគោលនយោបាយវាតទីនិយមរបស់ប្រទេសជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា
