ព័ត៌មានជាតិ

ជាកិត្តិយសដ៏ធំធេង សម្រាប់កម្ពុជា ដែលអាមេរិក អញ្ជើញឱ្យចូលជាសមាជិក ក្រុមប្រឹក្សាសន្តិភាព

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចេញលិខិតអញ្ជើញកម្ពុជា ឱ្យចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគី នៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយ សម្រាប់កម្ពុជាទាំងមូល ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា លើកឡើងថា លិខិតអញ្ជើញផ្លូវការ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យកម្ពុជា ចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយ សម្រាប់កម្ពុជា នៅត្រង់ថា ទោះបីជាកម្ពុជា គឺជាប្រទេសតូចក៏ពិតមែន ប៉ុន្តែពិភពលោកនឹកឃើញកម្ពុជា ភ្លាមនៅពេលដែលគេនិយាយពីសន្តិភាព។

លោកបន្តថា “នេះសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាពដែលថ្នាក់ដឹកនាំរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និង ឥស្សរជនរៀមច្បងផ្សេងទៀតបានតស៊ូនិងលះបង់យ៉ាងខ្ពស់បំផុត ដើម្បីទទួលបានសន្តិភាពពេញលេញ សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺជាអ្នកបន្តឈរការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាព និងចាត់ទុកជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល” ។

លោកបន្ថែមថា សន្តិភាពត្រូវបានថ្នាក់ដឹកនាំកម្ពុជា តែងតែទន្ទេញជាប់មាត់ហើយពាក្យថា «អរគុណសន្តិភាព» ត្រូវបានដាក់បង្ហាញនៅគ្រប់ទិសទី ដើម្បីជាការដឹងគុណ ជាការចងចាំ និងការចូលរួមថែរក្សា ការពារ ខណៈដែលស្មារតីស្រឡាញ់ សន្តិភាពបានចាក់ ឬសកាន់តែជ្រៅទៅក្នុងក្រអៅបេះដូង ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា សន្តិភាពមិនត្រឹមតែត្រូវបានចាត់ទុកថា មានសារៈសំខាន់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ក៏ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជា បានចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល៕

To Top