Breaking News៖ នាវាចម្បាំងអាមេរិក បានចូលចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ
ព្រះសីហនុ៖ នាវាចម្បាំងសហរដ្ឋអាមេរិក USS CINCINNATI(LCS 20) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានធ្វើដំណើរមកដល់មូលដ្ឋានសមុទ្ររាម នៃប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ។
ការមកដល់របស់នាវា USS CINCINNATI នៅមូលដ្ឋានសមុទ្ររាម នាពេលនេះ គឺជាដំណើរទស្សនកិច្ចមួយ ដើម្បីសម្ដៅធានាលើកកម្ពស់កិច្ច សហប្រតិបត្តិការវាងយោធាប្រទេសទាំងពីរ។
កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា នឹងមានកិច្ចសហប្រតិបត្តិការបន្តទៀត រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ នាពេលអនាគត ជាពិសេសពាក់ព័ន្ធទៅនឹង ការបណ្តុះបណ្តាលធនធានមនុស្ស ការងារហ្វឹកហ្វឺនរួមគ្នាស្របទៅតាម ការធ្វើទំនើបកម្ម របស់កងយោធពលខេមរភូមិន្ទ។
កងទ័ពជើងទឹកកកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបតិត្តការ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ជាមួយនិងការស្វាគមន៍បន្ថែមទៀត ពីសំណាក់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាពនិងស្ថិរភាពតំបន់។
កម្ពុជា បន្តគាំទ្រការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង តំបន់អាស៊ាននិងឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈកិច្ចសហប្រតិបត្តិការ ដែលផ្អែកលើការ គោរពអធិបតេយ្យភាពនិងច្បាប់អន្តរជាតិ។
សូមរំលឹកថា ទំនាក់ទំនងការទូត រវាងកម្ពុជានិងសហរដ្ឋអាមេរិក រហូតមកដល់បច្ចុប្បន្ន មានរយៈពេល៧៦ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី២។ ដោយឡែកកងទ័ព ជើងទឹកកម្ពុជា និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ជានិច្ចកាលបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទៅវិញទៅ មកតាមរយៈការហ្វឹកហ្វឺននានា ការចូលជួបសវនាការសម្តែងការគួរសម និងជួយឧបត្ថម្ភគាំទ្រផ្សេងៗទៀត៕




