ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ សង្គ្រាមឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជា មិនបានធ្វើឱ្យប៉ះពាល់ ដល់ប្រព័ន្ធសុខាភិបាល

ភ្នំពេញ ៖ លោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា សង្គ្រាមឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា មិនបានធ្វើឱ្យប៉ះពាល់ ដល់ប្រព័ន្ធថែទាំសុខភាពកម្ពុជានោះទេ ខណៈការផ្តល់សេវាសុខាភិបាល នៅតែកៀកជិត នឹងប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែង ។

ក្នុងសន្និសីទសារព័ត៌មាន នៃសន្និបាតសុខាភិបាលលើកទី៤៥ នៅរសៀលថ្ងៃទី២៦ ខែមករាលោកសាស្រ្តចារ្យ ឈាង រ៉ា បានលើកឡើងថា សង្គ្រាមឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជា មិនបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធថែទាំសុខភាពក៏ពិតមែន ប៉ុន្តែក៏បានប៉ះពាល់ដោយប្រយោល និងផ្ទាល់លើហេដ្ឋានរចនាសម្ព័ន្ធសុខាភិបាល និងសុខភាពពលរដ្ឋរស់នៅ តាមបណ្ដោយព្រំដែន ។

សាស្រ្តាចារ្យបន្តថា ប៉ះពាល់ដោយផ្ទាល់លើប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល រួមមាន ៖ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព មន្ទីរពេទ្យបង្អែកស្រុកនិងមន្ទីរពេទ្យបង្អែកថ្នាក់ខេត្ត ដែលរងការខូចខាតទាំងស្រុង និងដោយអន្លើ ដែលមានចំនួន៧០កន្លែង ។ ដោយឡែក ផលប៉ះពាល់ដោយប្រយោលវិញ គឺទៅលើសុខភាពប្រជាពលរដ្ឋ ដូចជា ៖ ការរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ដែលខ្វះអនាម័យ នៅពេលប្រជាជនភៀសខ្លួន ទៅកាន់ជម្រកសុវត្ថិភាព ភាពចង្អៀតណែន និង កង្វះទឹកស្អាត អាចបង្កឱ្យមានជំងឺរាគរូស គ្រុនពោះវៀន និង ជំងឺសើស្បែកជាដើម ។
ប៉ុន្តែទោះបីជាយ៉ាងណា សាស្រ្តចារ្យអះអាងថា ប្រព័ន្ធថែទាំសុខភាព ស្ថិតនៅក្បែរប្រជាពលរដ្ឋដដែល ពោលក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល ត្រូវបានមករស់នៅ និងបម្រើសេវាថែទាំសុខភាព នៅតាមមណ្ឌលសុវត្ថិភាពនានា ក្នុងការផ្តល់សេវាពិនិត្យព្យាបាលជំងឺ ។

រដ្ឋមន្រ្តីគូសបញ្ជាក់ថា «ដូច្នេះសង្គ្រាមនេះ ប៉ះពាល់តែទៅលើហេដ្ឋា រចនាសម្ព័ន្ធ ប៉ុន្តែមិនប៉ះពាល់ប្រព័ន្ធ សុខាភិបាលកម្ពុជា នោះទេ ដែលនេះជាមោទនភាពរបស់ជាតិកម្ពុជា។ ថ្វីត្បិតតែមានការលំបាក នៅក្នុងទីសុវត្ថិភាព ឬក្នុងសមរភូមិ ប៉ុន្តែការបម្រើសេវារបស់យើង គឺឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ គឺយើងនៅក្នុងភាពរឹងមាំ ។ ភាពរឹងមាំក្នុងប្រព័ន្ធសុខាភិបាលនេះ មិនមែនបានដោយចៃដន្យទេ ដោយការពិតការឈ្លានពាននេះ មានទម្ងន់ធ្ងន់ ក៏ប៉ុន្តែយើងរឹងមាំ ហើយស្ថិតនៅក្នុងស្ថានភាព មួយដែលមិនប៉ះពាល់ទៅ ដល់ប្រព័ន្ធសុខាភិបាល” ។

រដ្ឋមន្រ្តីសុខាភិបាលបញ្ជាក់ថា ការឈ្លានពានថៃ មកលើបូរណភាពទឹកដី និងអធិបតេយ្យភាព បានធ្វើឱ្យវិស័យសុខាភិបាល បានបង្ហាញនូវស្មារតី សាមគ្គីភាពជាតិខ្ពស់ ក្នុងការសង្គ្រោះអាយុជីវិតប្រជាជន ឬជនរងគ្រោះ និងគ្រប់គ្រងហានិភ័យ ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ៕

To Top