អ្នកនាំពាក្យ ៖ បទឈប់បាញ់មួយខែនេះ ជាគោលបំណង ដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលដើម្បីបញ្ចៀសការស្លាប់ និងរងរបួស
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ក្នុងរយៈពេលមួយខែនៃបទឈប់បាញ់ កម្ពុជាបានអនុវត្តយ៉ាងពេញលេញ ដែលជាគោលបំណងដ៏ពិសិដ្ឋ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ក្នុងការបញ្ចៀសការស្លាប់ និងរងរបួស ។
ក្នុងសេចក្តីសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ មានរយៈពេលមួយខែ ។
លោកបន្តថា “មួយខែនៃបទឈប់បាញ់ គឺជាគោលបំណងដ៏ពិសិដ្ឋ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ដើម្បីបញ្ចៀសការស្លាប់ ការរងរបួស និងការខូចខាតផ្សេងទៀត ដែលកើតចេញពីការប្រយុទ្ធគ្នា ដោយអាវុធ ពីព្រោះប្រជាជនកម្ពុជា បានឆ្លងកាត់ឆ្អែតឆ្អន់ និងបានស្គាល់ច្បាស់ណាស់ នូវរសជាតិសង្គ្រាម” ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា នេះជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួន នូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀង សន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ ។
លោក ប៉ែន បូណា សង្កត់ធ្ងន់ថា ក្រៅពីបទឈប់បាញ់ដែលត្រូវបានចាត់ទុកថា ជាសមិទ្ធផលធំជាងគេបំផុត សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានឈានដល់ការដោះលែងយោធិនកម្ពុជា១៨នាក់ ឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ រយៈពេលមួយខែចុងក្រោយនេះដែរ ជនភៀសសឹកជាង៨០% ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។
អ្នកនាំពាក្យអះអាងទៀតថា បទឈប់បាញ់រយៈពេលមួយខែនេះ ក៏បានផ្តល់ឱកាសដល់ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បានចុះបំពេញការងារ ដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលរងការបំផ្លិចបំផ្លាញ ដោយការវាយប្រហារ របស់ទាហានថៃ ដើម្បីជាមូលដ្ឋាន សម្រាប់រាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដែលរងការខូចខាត ឱ្យបានឆាប់បំផុតផងដែរ៕
