ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ការរៀបចំជម្រកបណ្តោះអាសន្ន សម្រាប់ជនភៀសសឹក គឺជាការវិវឌ្ឍន៍ថ្មីមួយទៀត

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំបង្កើតជម្រកបណ្តោះអាសន្ន សម្រាប់ពលរដ្ឋភៀសសឹក គឺជាការវិវឌ្ឍន៍ថ្មីមួយទៀតដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកប៉ែន បូណា បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្រាប់ជនភៀសសឹក ដែលមិនទាន់អាចវិលទៅកាន់ផ្ទះសម្បែងវិញបាន រាជរដ្ឋាភិបាលតាមរយៈក្រសួង និងស្ថាប័នពាក់ព័ន្ធ កំពុងគិតគូរពីការពង្រឹង ជម្រកបណ្តោះអាសន្ន ឬក៏អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្ន ទៅកាន់ទីតាំងថ្មី ដែលមានភាពប្រសើរជាងបច្ចុប្បន្ន ក្នុងករណីចាំបាច់។

លោកបន្តថា ឆ្លើយតបនឹងបំណងប្រាថ្នា និងការគិតគូររបស់សម្តេចនាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខរបស់ជនភៀសសឹក ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានកំណត់តំបន់ ដែលបានសិក្សារួច ដើម្បីរៀបចំជម្រកបណ្តោះអាសន្ន សម្រាប់ពលរដ្ឋភៀសសឹក ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាព របស់ពួកគេ ទម្រាំដល់ពេលដែលពួកគេអាចវិលត្រឡប់ ទៅកាន់ភូមិដ្ឋានវិញបាន ។

អ្នកនាំពាក្យបញ្ជាក់ថា “នេះគឺជាការវិវឌ្ឍន៍ថ្មីមួយទៀត ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការជួយសម្រួលដល់ជីវភាព និងការរស់នៅរបស់ជនភៀសសឹក ដែលនៅមិនទាន់អាចវិល ត្រឡប់ទៅផ្ទះសម្បែងវិញបាននៅពេលនេះ រហូតដល់ពេលដែលពួកគេអាចវិល ត្រឡប់ទៅផ្ទះសម្បែងវិញបាននាពេលខាងមុខ” ។

សូមជម្រាបថា រហូតមកទល់ពេលនេះ មានជនភៀសសឹកជិត ៨៣% ហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ ការវិលត្រឡប់របស់ជនភៀសសឹក ត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ ក្រោមការសម្របសម្រួល ដោយយកចិត្តទុកដាក់ពីសំណាក់ អាជ្ញាធរមូលដ្ឋាន ៕

To Top