ថ្ងៃធ្វើជំរឿន ជាថ្ងៃអាពាហ៍ពិពាហ៍ របស់អ្នកគ្រូពេទ្យ ជុំ ណារី
ភ្នំពេញ ៖ ថ្ងៃដែលធ្វើជំរឿន ជាថ្ងៃអាពាហ៍ពិពាហ៍ របស់អ្នកគ្រូពេទ្យ ជុំ ណារី ដែលជាមន្ត្រីសុខាភិបាលផ្នែកឆ្មប នៃមន្ទីរពេទ្យបង្អែកដង្កោ ប៉ុន្តែអ្នកគ្រូបានផ្តល់តម្លៃលើការងារ តាមរយៈការចូលរួមធ្វើជំរឿនដោយផ្ទាល់ នៅទីតាំងចុះជំរឿន ក្នុងបរិវេណមន្ទីរពេទ្យបង្អែកដង្កោ ។ នេះបើតាមការចេញផ្សាយរបស់លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ ។

ការចូលរួមក្នុងដំណើរការនៃការធ្វើជំរឿន មន្ត្រីជាក់ស្តែងនាពេលនេះ អ្នកគ្រូបានបង្ហាញនូវចំណាប់អារម្មណ៍ ដោយបានលើកឡើងថា “ហេតុផលដែលខ្ញុំ មកធ្វើជំរឿន ចំថ្ងៃសិរីមង្គលរបស់នាងខ្ញុំ ដោយសារតែនាងខ្ញុំគិតថា ការធ្វើជំរឿននាពេលនេះ ពិតជាមានសារៈសំខាន់ ហើយនាងខ្ញុំរីករាយក្នុងការចូលរួមការធ្វើជំរឿននេះ”។

អ្នកគ្រូពេទ្យបានបន្ថែមថា ក្នុងពេលដែលខ្លួនបានជាប់ជាមន្ត្រីសុខាភិបាល រយៈពេល ១២ឆ្នាំកន្លងមកនេះ លើកនេះជាលើកទី១ហើយដែលខ្លួនបានធ្វើជំរឿន ។ ដូច្នេះមិនអាចខកខានបានទេ ត្រូវតែឆ្លៀតពេលមកចូលរួមឱ្យខានតែបាន។

គួររម្លឹកថា ការចុះជំរឿន ផ្ទាល់នេះ គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលបាននិងកំពុង បំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធ របស់អង្គភាពគោលដៅនៃការធ្វើជំរឿន ដើម្បីទទួលបានទិន្នន័យ ដែលច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ ការចុះតាមអង្គភាពដោយផ្ទាល់របស់គណៈកម្មការជំរឿននេះ ជាការធានាមិនឱ្យប៉ះពាល់ដល់ ដំណើរការការងារប្រចាំថ្ងៃរបស់មន្ត្រី ក៏ដូចជាការធ្វើដំណើរ ហើយក៏មិនឱ្យប៉ះពាល់ ដល់ដំណើរការនៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿនផងដែរ ៕
