អភិបាលខេត្តកណ្ដាល ដាក់ចេញបទបញ្ជា ដល់គ្រប់សាលាទាំងអស់ មិនត្រូវប្រើប្រាស់វិធានការ លុបឈ្មោះសិស្សចេញពីសាលឡើយ
កណ្ដាល ៖ លោក គួច ចំរើន អភិបាល ខេត្តកណ្ដាល បានដាក់ចេញបទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់គ្រប់សាលាទាំងអស់ ទូទាំងខេត្តកណ្ដាល មិនត្រូវប្រើប្រាស់វិធានការ លុបឈ្មោះសិស្សចេញពីសាលា ត្រូវចាត់ទុកថា «នេះគឺជាការខ្វះខាត របស់យើងទាំងអស់គ្នា ក្នុងការអប់រំសិស្សានុសិស្ស»។

ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ក្នុងឱកាសដែល លោក គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល។

លោកអភិបាលខេត្ត បន្តថា បើសិនសិស្សានុសិស្សល្មើសវិន័យនៅក្នុងសាលា ឬអវត្តមានញឹកញាប់ ឬច្រើនដងពេក ត្រូវខិតខំទំនាក់ទំនងទៅឪពុកម្ដាយ ឬអាណាព្យាបាល ដើម្បីអូសទាញ ពួកគាត់ឲ្យមកសិក្សាបន្ត ដើម្បីជំរុញការ បណ្ដុះបណ្ដាល និងការសិក្សារៀនសូត្ររបស់ពួកគាត់បន្ថែមទៀត។ ប៉ុន្តែប្រសិនបើពួកគេមកបង្ក ហិង្សានៅក្នុងសាលា ឬបញ្ហាប្រឈមផ្សេងៗដែលល្មើសនឹងច្បាប់ នោះទុកឱ្យច្បាប់ជាអ្នក អនុវត្តចំពោះពួកគេ ប៉ុន្តែក្នុងករណីខុសវិន័យ ឬមានអវត្តមាន ញឹកញាប់ ត្រូវខិតខំពន្យល់ពួកគាត់ និង អូសទាញពួកគាត់ ឲ្យមកបន្តការសិក្សាបន្តទៀត កុំឲ្យពួកគាត់បោះបង់ចោលការសិក្សាឡើយ។

លោកអភិបាលខេត្ត បន្ថែមថា «ប្រសិនបើយើង បណ្ដេញពួកគាត់ចេញពីសាលា ពួកគាត់ទៅនៅក្នុងសង្គម ដោយមិនបានសិក្សា ធ្វើឱ្យគាត់អាចក្លាយទៅជាក្មេងទំនើង ឬអ្នកបង្កបញ្ហា ឬបញ្ហាផ្សេងៗទៅដល់សង្គមរបស់យើង»។
ក្នុងឱកាសនោះដែរ លោក អភិបាល ខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកប ដោយស្មារតីទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងរាល់ដៃគូពាក់ព័ន្ធទាំងអស់ បានសហការគ្នាបំពេញភារកិច្ចយ៉ាងសកម្ម៕


