អ៊ីរ៉ង់ ថ្កោលទោស ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប ក្នុងការចាត់តាំង IRGC អ៊ីរ៉ង់ ជាអង្គការភេរវកម្ម
តេអេរ៉ង់៖ អ៊ីរ៉ង់ថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត “អរិភាព និងញុះញង់” របស់សហភាពអឺរ៉ុប ក្នុងការកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជា “អង្គការភេរវកម្ម”។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានឯកភាពគ្នានៅព្រឹកថ្ងៃដដែលនេះ ដើម្បីបន្ថែម IRGC ទៅក្នុងបញ្ជីភេរវកររបស់ប្លុក នេះបើយោងតាមការលើកឡើង របស់តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុបលោកស្រី Kaja Kallas។
ដោយថ្កោលទោសចលនា របស់សហភាពអឺរ៉ុប នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានព្រមានថា អ្នកធ្វើគោលនយោបាយអឺរ៉ុប នឹងទទួលខុសត្រូវដោយផ្ទាល់ ចំពោះផលវិបាក “មិនស្ថិតស្ថេរ” នៃចលនារបស់ពួកគេ។
សេចក្តីថ្លែងការណ៍នេះ បានឧ្យដឹងថា «វិធានការមិនសមហេតុផល គ្មានការទទួលខុសត្រូវ និងស្អប់ខ្ពើមរបស់សហភាពអឺរ៉ុប គឺមានគោលបំណងគោរព តាមគោលនយោបាយអនុត្តរភាព និងអមនុស្សធម៌របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយគ្មានការសង្ស័យឡើយ ហើយវាបង្ហាញពីជម្រៅនៃអរិភាព និងការព្យាបាទរបស់ប្លុកនេះ ចំពោះប្រជាជនដ៏ថ្លៃថ្នូរបស់អ៊ីរ៉ង់ កងកម្លាំងប្រដាប់អាវុធ សន្តិសុខ និងឯករាជ្យភាព»៕
ប្រែសម្រួល ឈូក បូរ៉ា
