ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជំរុញឱ្យមានការចូលរួមទប់ ស្កាត់ការបំពុលបរិស្ថាន ឱ្យបានកាន់តែប្រសើរឡើងថែមទៀត

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៥ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង, លោក ឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញឱ្យ មានការចូលរួមថែមទៀត គោរពច្បាប់បរិស្ថាន ដើម្បីចូលរួមទបស្កាត់ការបំពុលការបំពុលទឹក ដី និងខ្យល់។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងាររបស់ក្រសួងបរិស្ថាន បានទទួលបានពីការដាក់ចេញនូវយុទ្ធនាការ និងផែនការសកម្មភាពនានា ដែលកៀរគរនិងជំរុញឱ្យអ្នកពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ប្រជាពលរដ្ឋ និងវិស័យឯកជន បានប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់រួមគ្នា លើការងារអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ជាពិសេស ការចូលរួមកសាង ភាពស្អាត និងពង្រីកភាពបៃតង ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អនាគត។

សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០២៦ ក្រសួងបរិស្ថាន ដាក់ចេញនូវផែនការសកម្មភាព ដើម្បីធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល ដើម្បីធានាសុក្រឹតកម្មបរិស្ថានកិច្ច។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ លើការងារត្រួតពិនិត្យការបំពុលបរិស្ថាន និងការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងពីយកចិត្តទុកដាក់អនុវត្តច្បាប់លើក្រុមហ៊ុន ដែលបង្ហូរទឹកកខ្វក់ ដោយមិន បានធ្វើប្រព្រឹត្តកម្មជាមុន ចូលទៅក្នុងប្រភពទឹកសាធារណៈ និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធាន ការតឹងរ៉ឹង ទៅលើក្រុមហ៊ុនល្មើសទាំងនោះ ឱ្យអនុវត្តច្បាប់ ដើម្បីជាការស្មើភាពគ្នាជាមួយក្រុមហ៊ុន ដទៃទៀត ដែលគោរពច្បាប់។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមាន ការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជាបានជាង២០ លានម៉ែត្រគូប៕

To Top