ព័ត៌មានជាតិ

នគរបាលជាតិកម្ពុជា បង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅបាវិត ឃាត់ខ្លួនជនបរទេសជាង ២០០០នាក់

ភ្នំពេញ ៖ កម្ពុជាមិនបន្ធូរដៃឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នៅថ្ងៃបង្ហើយ នៃខែមករាឆ្នាំ២០២៦ ពោលគឺនាព្រឹកមិញនេះតែម្ដង កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ទទួលដឹកនាំអនុវត្តដោយ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២០៤៤នាក់ ក្នុងនោះជនជាតិចិន១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ក្នុងន័យដើមថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺជាការបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិ ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនោះក៏មានក្រសួងមហាផ្ទៃ ជាសេនាធិការស្នូល គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន មានឱកាសប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scames) ជាដាច់ខាត បើទោះបីជាពេលនេះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានកំពុងរ៉ាប់រងបន្ទុកដោះស្រាយផលប៉ះពាល់បង្កឡើងដោយអំពើឈ្លានពានពីប្រទេសជិតខាងក៏ដោយ។

លោកបានសង្កត់ធ្ងន់ក្នុងន័យដើមទៀតថា «ខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀត ពិសេសប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជាមិនមែនជាទីជម្រកសុវត្ថិភាពរបស់ជនល្មើសទេ តែជាឋាននរករបស់ជនល្មើស»។

គួរកត់សម្គាល់ថា ឈរលើមរតកនៃនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធាន។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអនុប្រធានមួយរូបនៃគណៈកម្មការនេះ ខណៈ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ស្ថិតក្នុងចំណោមសមាជិកគណៈកម្មការផងដែរ៕

To Top