ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ដំណើរទស្សនកិច្ចរបស់អ្នកនយោបាយសំខាន់ៗ នៃប្រទេសអឺរ៉ុប នៅប្រទេសចិន យ៉ាងមមាញឹកបានបញ្ចេញសញ្ញាវិជ្ជមាន

ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦ លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ។ កាលពីថ្ងៃទី ២៩ ខែមករានេះ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសនៅទីក្រុងប៉េកាំង ។ ភាគីទាំងពីរបានឯកភាពគ្នាអំពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយូរអង្វែងនិងនឹងនរ ហើយខិតខំប្រឹងប្រែងប្រែសក្តានុពល “ដែលមានអនាគតប្រកបដោយក្តីសង្ឃឹម”នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអង់គ្លេសទៅជាស្នាដៃជាក់ស្តែងដែល” អាចដើរតួនាទីដ៏ធំធេង” ។ ភាគីទាំងពីរបានឈានដល់លទ្ធផលជាផ្លែផ្កាវិជ្ជមានមួយចំនួនដែលបានត្រួសត្រាយនិម្មាបនកម្មថ្មីសម្រាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងអង់គ្លេស ។

ចាប់ពីចុងឆ្នាំ២០២៥មក ថ្នាក់ដឹកនាំនៃប្រទេសអឺរ៉ុបជាច្រើនបានបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ ។ ពីប្រទេសអេស្ប៉ាញ បារាំងដល់អៀរឡង់ ហ្វាំងឡង់និងអង់គ្លេស ប្រទេសទាំងនេះបានគ្របដណ្តប់លើទ្វីបអឺរ៉ុបខាងត្បូង អឺរ៉ុបខាងលិចនិងអឺរ៉ុបខាងជើងដែលមានភាពជាតំណាងនិងឥទ្ធិពលខ្លាំងក្លានៅទ្វីបអឺរ៉ុប ។

ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ប្រទេសចិនបាននិងកំពុងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងពង្រីកយ៉ាងមុតមាំមិនងាករេនូវការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ដែលជាការបញ្ចេញសញ្ញាយ៉ាងជាក់លាក់ចំពោះមជ្ឈដ្ឋានខាងក្រៅ ។ បច្ចុប្បន្ននេះ ប្រទេសអឺរ៉ុបនានាបានប្រឈមមុខនឹងបញ្ហាកំណើនដោយកម្លាំងទន់ខ្សោយជាទូទៅ ហើយរំពឹងថា នឹងទទួលកាលានុវត្តភាពអភិវឌ្ឍន៍តាមរយៈ”រថភ្លើងល្បឿនលឿន”នៃការអភិវឌ្ឍរបស់ចិន ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករសម្រាប់សេដ្ឋកិច្ចប្រទេសខ្លួន ។

បើពិនិត្យមើលឱ្យនាមលម្អិតពីការរៀបចំកម្មវិធីនៃដំណើរទស្សនកិច្ចរបស់អ្នកនយោបាយសំខាន់ៗទាំងឡាយនៃប្រទេសអឺរ៉ុប ការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងគឺជាសំណូមពររួម ។ ឧទាហរណ៍ដូចជា លោក Petteri Orpo នាយករដ្ឋមន្រ្តីហ្វាំងឡង់និងលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបានបំពេញទស្សកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះដែលមានប្រតិភូអមដំណើរមកពីតំណាងមជ្ឈដ្ឋានសហគ្រាសរាប់សិបរូប ។ លោក Jussi Herlin សហប្រធានភាគីហ្វាំងឡង់នៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរវាងសហគ្រាសច្នៃប្រឌិតថ្មីចិន-ហ្វាំងឡង់និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន KONE បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៦ ខែមករាថា ទីផ្សារចិននឹងក្លាយជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើនដ៏ធំបំផុតរបស់ពួកគេ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Petteri Orpo នាយករដ្ឋមន្រ្តីហ្វាំងឡង់នៅប្រទេសចិន ចិននិងហ្វាំងឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាច្រើនដែលពាក់ព័ន្ធដល់វិស័យគ្រឿងយន្តប្រើនៅភ្នំរ៉ែ សុខាភិបាល ការផលិតក្រដាសនិងសំណង់បៃតងជាដើម ។

ក្រឡេកទៅមើលអង់គ្លេស ពួកគេក៏ទទួលបានសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែងដូចគ្នាផងដែរ ។ នៅទីក្រុងប៉េកាំង ប្រទេសចិននិងអង់គ្លេសបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនគ្របដណ្តប់លើវិស័យមានដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្មនិងស្បៀងអាហារ ប្រព័ន្ធផ្សព្វផ្សាយ ការអប់រំនិងនិយ័តកម្មទីផ្សារជាដើម ។ ភាគីចិនបានថ្លែងថា រីករាយគិតពិចារណាយ៉ាងសកម្មអំពីការលើកលែងទិដ្ឋាការដោយឯកតោភាគីចំពោះប្រជាពលរដ្ឋអង់គ្លេស ។
បើនិយាយចំពោះទំនាក់ទំនងរវាងចិននិងអឺរ៉ុប ដំណើរទស្សនកិច្ចរបស់អ្នកនយោបាយសំខាន់ៗនៃប្រទេសអឺរ៉ុបនៅប្រទេសចិនយ៉ាងមមាញឹកក៏ជាការបញ្ចេញសញ្ញាវិជ្ជមានដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររងការរំខានពីកត្តាមនោគមវិជ្ជានិងកម្លាំងខាងក្រៅ បានជាការយល់ដឹងដ៏ត្រឹមត្រូវចំពោះប្រទេសចិនរបស់មនុស្សមួយចំនួននៅអឺរ៉ុបមានភាពលំអៀង ហើយទំនាក់ទំនងរវាងចិននិងអឺរ៉ុបបានជួបប្រទះនឹង”ចរន្តបញ្ច្រាស” ។

“ចិននិងអឺរ៉ុបគឺជាដៃគូ តែមិនមែនជាគូប្រជែងទេ ហើយកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរសំខាន់ជាងការប្រកួតប្រជែង គំនិតឯកភាពរួមសំខាន់ជាងការខ្វែងគំនិតគ្នា” ។ នៅពេលជួបពិភាក្សាការងារជាមួយអ្នកនយោបាយសំខាន់ៗនៃប្រទេសអឺរ៉ុប លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយម្តងទៀតពីមតិយោបល់ស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប ។ ថ្នាក់ដឹកនាំនៃប្រទេសអឺរ៉ុបបានធ្វើការផ្លាស់ប្តូរយ៉ាងស្មោះត្រង់ជាមួយភាគីចិន មើលឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់ប្រទេសចិនក្នុងគ្រប់វិស័យ ហើយទទួលបានលទ្ធផលជាផ្លែផ្កាវិជ្ជមានមួយចំនួនដែលមានអំណោយផលដល់ការជំរុញឱ្យទំនាក់ទំនងរវាងចិននិងអឺរ៉ុបវិវឌ្ឍទៅមុខប្រកបដោយភាពរឹងមាំ ។

ក្នុងបរិបទដែលពិភពលោកបាន និងកំពុងប្រឈមមុខនឹងបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំកន្លងមក ទ្វីបអឺរ៉ុបកំពុងកែសម្រួលមុំយុទ្ធសាស្រ្តនិងគោលនយោបាយការទូត ។ ឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃនិន្នាការអភិវឌ្ឍន៍នៃយុគសម័យ ការប្រកាន់ខ្ជាប់ការបើកទូលាយ កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការគឺជានិន្នាការមិនអាចដើរបញ្រ្ចាសបាន ៕

To Top