លោក ហួត ហាក់ ស្នើជប៉ុន ជំរុញលំហូរភ្ញៀវទេសចរជប៉ុន មកកម្ពុជា និងបង្កើនជើងហោះត្រង់
ភ្នំពេញ៖ ឆ្លៀតឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ និង កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ) លើកទី២៥ លោក ហួត ហាក់ ស្នើឱ្យជប៉ុន ជំរុញលំហូរភ្ញៀវទេសចររបស់ខ្លួន មកកម្ពុជា និងបង្កើនជើងហោះត្រង់ ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារ ជាមួយលោក MANABU NAGAI អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ សាធារណរដ្ឋការ និងទេសចរណ៍នៃប្រទេសជប៉ុន នាទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ។

ក្នុងឱកាសនោះលោកហួត ហាក់ បានថ្លែងអំណរគុណភាគីជប៉ុន ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នាពេលកន្លងមក។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានរំលឹកអំពីការចូលរួមវេទិកា និងព្រឹត្តិការណ៍សំខាន់ៗ រួមមានពិព័រណ៍ទេសចរណ៍ EXPO Japan និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រី លើកទី៨ ដែលបានប្រព្រឹត្តទៅនៅខេត្ត Aichi កាលពីខែកញ្ញា ឆ្នាំ២០២៥, ជាពិសេស ការបើកដំណើរការជើងហោះហើរ ត្រង់លើកដំបូង រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យូ នៅខែតុលា ឆ្នាំ២០២៥ ដែលបានពង្រឹងការតភ្ជាប់ និងសម្រួលដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការជំរុញលំហូរភ្ញៀវទេសចរជប៉ុន មកកម្ពុជា និងបង្កើនជើងហោះត្រង់បន្ថែមទៀត រវាងទីក្រុងសំខាន់ៗ កម្ពុជា ជប៉ុន។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរកិច្ចពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍កម្ពុជា-ជប៉ុន ប្រកបដោយផ្លែផ្កា៕
ដោយ៖ ដារាត់| ដើមអម្ពិល
