ព័ត៌មានជាតិ

រដ្ឋមន្រ្តីសាធារណការ៖ ដេីម្បីឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើន ត្រូវមានហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូនល្អ

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ដើម្បីឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើន គឺត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនល្អ ដែលអាចទាក់ទាញអ្នកវិនិយោគ និងបង្កើតការងារ ឲ្យប្រជាពលរដ្ឋបានធ្វើ ។

ក្នុងឱកាសអញ្ជើញ ចុះពិនិត្យគុណភាព នៃការសាងសង់ ពង្រីកផ្លូវជាតិលេខ៥ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០លោកស៊ុន ចាន់ថុលបានថ្លែងថា “ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិ យើងមានការរីកចម្រើន យើងត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនល្អ ដែលអាចទាក់ទាញ អ្នកវិនិយោគបង្កើត ការងារឲ្យប្រជាពលរដ្ឋយើងធ្វើ បង្កើនប្រាក់ចំណូលគ្រួសារ និងជំរុញសេដ្ឋកិច្ចជាតិមានការរីកចម្រើន” ។

ក្នុងឱកាសនោះ លោកបញ្ជាក់ថា ក្រោយពីបានចុះត្រួតពិនិត្យការដ្ឋាន សាងសង់ផ្លូវជាតិលេខ៥មួយចំនួន ដោយមិនបានជូនដំណឹងក្រុមហ៊ុន សាងសង់ដឹងជាមុន (Spot check) លទ្ធផលបានបង្ហាញថា គុណភាពសំណង់ ឋិតក្នុងកម្រិតស្តង់ដារ មួយល្អអាចទទួលយកបាន ធានាបាននូវការប្រើប្រាស់ ជាប់បានយូរអង្វែង និងឈានទៅកាត់បន្ថយការ ខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជួល។

លោករដ្ឋមន្រ្តីបន្ថែមថា ផ្លូវនេះជួយសម្រួល ឲ្យប្រជាពលរដ្ឋធ្វើដំណើរនិងដឹកជញ្ជូនទំនិញទៅកាន់គោលដៅបានឆាប់រហ័ស ចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិ បាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើម សាងសង់ចេញ ពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ ភាគខាងជើង ភាគខាង ត្បូង និងភាគកណ្តាលផងដែរ៕

ដោយ៖ធី លីថូ

To Top