លោក ត្រាំ ប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានដោយព្រមានពីរឿងអាក្រក់នឹងកើតឡើង បើអ៊ីរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក
បរទេស៖ លោក ដូណាល់ ត្រាំ ព្រមានពីផលវិបាកប្រសិនបើអ៊ីរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដោយប្រធានាធិបតីអាមេរិកបាននិយាយថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងការចរចា ហើយលោកបានព្រមានថា “រឿងអាក្រក់” នឹងកើតឡើង ប្រសិនបើទីក្រុងតេហេរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាននៅថ្ងៃទី ២ ខែកុម្ភៈថា “យើងមានកប៉ាល់ធំបំផុត និងល្អបំផុតកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់នៅពេលឥឡូវនេះ។ យើងកំពុងចរចាជាមួយអ៊ីរ៉ង់ ហើយចាំមើលថាតើអ្វីៗនឹងទៅជាយ៉ាងណា។ ប្រសិនបើយើងឈានដល់កិច្ចព្រមព្រៀង នោះនឹងអស្ចារ្យណាស់ បើមិនដូច្នោះទេ ប្រហែលជារឿងអាក្រក់នឹងកើតឡើងវិញ”។
លោក Steve Witkoff បេសកជនអាមេរិក និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃទី ៦ ខែកុម្ភៈ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារការទូតឡើងវិញលើភាពតានតឹងទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។
ចំណែកលោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់កំពុងពិចារណាលើទិដ្ឋភាព និងទិសដៅផ្សេងៗនៃការចរចា ដោយបន្ថែមថា ពេលវេលាគឺជាកត្តាសំខាន់សម្រាប់អ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់ចង់ឱ្យ “ទណ្ឌកម្មដែលអយុត្តិធម៌ត្រូវបានលុបចោលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕
ប្រែសម្រួលៈ ណៃ តុលា
