អគារចំនួន៦ទីតាំង នៅភ្នំពេញ ពុំមានបទល្មើសអនឡាញទេ
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងថា អគារចំនួន៦ទីតាំង ស្ថិតនៅរាជធានីភ្នំពេញ ពុំមានបទល្មើសអនឡាញនោះទេ ។

ការអះអាងបែបនេះ របស់ក្រុមការងារព័ត៌មាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ទាប់ពីថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុក ឈ្មោះ ស៊ែ វីរះស្ពេសអិច ថា ទីតាំងអគារចំនួន៦រួមមាន ៖ អគារ the bridge (ខណ្ឌចំការមន) , អគារ Marry Time (ខណ្ឌមានជ័យ) , អគារPNN (ខណ្ឌជ្រោយចង្វារ) , អគារស្កាយឡាញ ក្បែរផ្សារអូឬស្សី (ខណ្ឌ៧មករា) , អគារមានរូបម្កុដិ (ខណ្ឌដូនពេញ) និងអគារស្កាយទ្រី (ខណ្ឌឫស្សីកែវ) មានបទល្មើសអនឡាញ ហើយស្នើឲ្យសមត្ថកិច្ចចុះបង្រ្កាប ។

បន្ទាប់ពីទទួលព័ត៌មានរួចមក គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះពិនិត្យរដ្ឋបាលទីតាំងខាងលើដោយទីតាំងខ្លះ ចុះពិនិត្យរដ្ឋបាលជាចំហរ , ចុះឆែរឆេរដោយមួយទីតាំងចំនួន២ទៅ៣លើក ។ ជាលទ្ធផលពុំឃើញបទល្មើសឆបោកតាមអនឡាញនោះទេ និងបានរកឃើញជនបរទេសដែលស្នាក់នៅគឺមានលិខិតស្នាមស្របច្បាប់ត្រឹមត្រូវ ។

បច្ចុប្បន្ននេះ ដោយអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំដើម្បីធានា សន្តិសុខសុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញប្តេជ្ញាចុះស្រាវជ្រាវនិងត្រួតពិនិត្យ បង្រ្កាបរាល់សកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញខុសច្បាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានចុះណែនាំដល់ម្ចាស់ទីតាំងត្រូវសហការជាមួយសមត្ថកិច្ច ដើម្បីបង្រ្កាបបើមានជនល្មើសបើកលួចលាក់ល្បែងឆបោកអនឡាញខុសច្បាប់ និងបានណែនាំដល់ម្ចាស់ទីតាំងកុំឲ្យមានការលួចលាក់ឃុបឃិតជាមួយជនល្មើស ។ បើក្នុងករណីសមត្ថកិច្ចរកឃើញម្ចាស់ទីតាំងជាប់ពាក់ព័ន្ធឃុបឃិតឲ្យបើកល្បែងអនឡាញខុសច្បាប់ សមត្ថកិច្ចនឹងអនុវត្តតាមនីតិវិធី ។

សូមបញ្ជាក់ថា ពាក់ព័ន្ធល្បែងឆបោកអនឡាញខុសច្បាប់នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ញាដាក់ចេញជាវិធានការណ៍ម៉ឺងម៉ាត់បំផុត មិនអនុញ្ញាតឲ្យកើតមានបើកល្បែងឆបោកអនឡាញខុសច្បាប់ជាដាច់ខាត ៕





