អគ្គលេខាធិការណាតូថា សមាជិកណាតូ នឹងដាក់ពង្រាយកងទ័ព របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកើតឡើង
បរទេស៖ លោក Mark Rutte ប្រធានប្លុកយោធាដឹកនាំ ដោយសហរដ្ឋអាមេរិកគឺអង្គការ ណាតូ បានមានប្រសាសន៍ថា ប្រទេសជាសមាជិកណាតូ នឹងដាក់ពង្រាយកងទ័ពនៅ អ៊ុយក្រែន នៅពេល ដែលជម្លោះជាមួយរុស្ស៊ីបញ្ចប់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ទីក្រុងមូស្គូបានអះអាងថា ការដាក់ពង្រាយកងទ័ពលោកខាងលិច នៅអ៊ុយក្រែននឹងធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង ហើយអាចនាំឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រអឺរ៉ុប របស់ទីក្រុងគៀវបានបន្តជំរុញឲ្យបញ្ជូន ទាហានជាទម្រង់នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។
លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បានមានប្រសាសន៍ក្នុងសុន្ទរកថាមួយនៅក្នុងសភាអ៊ុយក្រែនកាលពីថ្ងៃអង្គារថា “សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន បានប្រកាសថា ពួកគេនឹង ដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច”។ “កងទ័ពនៅលើដី យន្តហោះចម្បាំងនៅលើ អាកាស កប៉ាល់នៅលើសមុទ្រខ្មៅ ចំណែក សហរដ្ឋអាមេរិកនឹងជាខ្នងបង្អែក”។
លោក Rutte បាននិយាយថា ទន្ទឹមនឹងនេះ ប្លុកយោធាដឹកនាំ ដោយសហរដ្ឋអាមេរិកនេះក៏កំពុង «ជួយ បំពាក់ និងបណ្តុះបណ្តាលកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន» និងបញ្ជូន «សម្ភារៈយោធាសំខាន់ៗ របស់សហរដ្ឋអាមេរិកដែលមានតម្លៃរាប់ពាន់លានដុល្លារ» ទៅកាន់អ៊ុយក្រែន។
យ៉ាងណាក៏ដោយ រុស្ស៊ីវិញ គឺបានព្រមាន ជាយូរមកហើយថា ខ្លួននឹងចាត់ទុកទាហានណាតូ ណាមួយដែលត្រូវបានបញ្ជូនទៅ អ៊ុយក្រែនថា ជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហារ៕
ប្រែសម្រួលៈ ណៃ តុលា
