ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ បញ្ជាក់ថា ភាគីនានា​លែងត្រូវបានចងភ្ជាប់ ដោយកាតព្វកិច្ចសន្ធិសញ្ញា នុយក្លេអ៊ែររុស្ស៊ី-អាមេរិកទៀតហើយ

មូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ីបានឧ្យដឹងថា ខ្លួនសន្មតថា ភាគីនានានៃសន្ធិសញ្ញាកាត់ បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកលែងត្រូវបានចងភ្ជាប់ ដោយកាតព្វកិច្ចណាមួយនៅក្នុងបរិបទ នៃកិច្ចព្រមព្រៀងនេះទៀតហើយ។

ក្រសួងបានឧ្យដឹងថា រុស្ស៊ីមិនទាន់បានទទួលការឆ្លើយតបជាផ្លូវការ ពីសហរដ្ឋអាមេរិកចំពោះគំនិតផ្តួចផ្តើមរបស់រុស្ស៊ី លើការពង្រីកការអត់ធ្មត់ ដោយស្ម័គ្រចិត្តលើដែនកំណត់អាវុធនុយក្លេអ៊ែរលើសពីការផុតកំណត់នៃសន្ធិសញ្ញានៅថ្ងៃទី៥​ ខែកុម្ភៈ​ នោះទេ។

ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ “ក្នុងកាលៈទេសៈបច្ចុប្បន្ន យើងសន្មតថា ភាគីនានានៃសន្ធិសញ្ញា New START លែងត្រូវបានចងភ្ជាប់ដោយកាតព្វកិច្ច ឬសេចក្តីប្រកាសស្រដៀងគ្នាណាមួយនៅក្នុងបរិបទនៃសន្ធិសញ្ញា រួមទាំងបទប្បញ្ញត្តិស្នូលរបស់វា ហើយជាគោលការណ៍មានសេរីភាព ក្នុងការជ្រើសរើសជំហានបន្ទាប់របស់ពួកគេ”។

ប្រភពថា ប្រទេសរុស្ស៊ីនៅតែត្រៀមខ្លួនរួចជាស្រេច​ ដើម្បីចាត់វិធានការយោធា-បច្ចេកទេសដ៏ម៉ឺងម៉ាត់ ដើម្បីទប់ទល់នឹងការគំរាមកំហែងបន្ថែម​ ដែលអាចកើតមាន​ ចំពោះសន្តិសុខជាតិ ដោយបន្ថែមថា ខ្លួននៅតែបើកចំហ​ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូត ដែលមានគោលបំណងធ្វើឱ្យស្ថានភាពយុទ្ធសាស្ត្រមានស្ថេរភាព ប្រសិនបើលក្ខខណ្ឌសមស្របត្រូវបានបង្កើតឡើង។

សន្ធិសញ្ញា New START ដែលចុះហត្ថលេខាដោយប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១០ មានគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ និងយានជំនិះដឹកជញ្ជូនដែលដាក់ពង្រាយ។ សន្ធិសញ្ញានេះបានចូលជាធរមាននៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១១ ជាមួយនឹងរយៈពេលសុពលភាពដើម ១០ ឆ្នាំ ហើយក្រោយមកត្រូវបានពង្រីកដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦៕

To Top