ព័ត៌មានជាតិ

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេចបាន ៧០០ លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ ឯកភាពលើកិច្ចខិតខំជំរុញ​ ពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងឈានដល់គោលដៅ ៧០០លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០។

ការឯកភាពខាងលើនេះ ធ្វើឡើងក្នុងអំឡុងពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារជាមួយលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព។

ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, នាយករដ្ឋមន្រ្តីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនង ក្នុងគ្រប់កម្រិតនាពេលកន្លងមក ស្របតាមភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងបានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តធ្វើការឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង ជូនប្រជាជននៃប្រទេសទាំងពីរ។

ឆ្នាំ២០២៦ នេះ គឺជាឆ្នាំពិសេស នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ, ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពរួមគ្នា រៀបចំសកម្មភាពឱ្យបានច្រើន ជំរុញការផ្លាស់ប្ដូរ​ ដំណើរទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីអបអរសាទរឆ្នាំដ៏សំខាន់នេះ។ ជាក់ស្ដែង, ការអញ្ជើញធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារបស់ លោកបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ នាឱកាសនេះ ក៏ដូចជាគម្រោងយាងបំពេញព្រះរាជទស្សកិច្ចផ្លូវរដ្ឋ ទៅកាន់រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ គឺជាសក្ខីភាពជាក់ស្ដែង ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយ ការទូតរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា អំពីយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសលើ៖ នយោបាយ-ការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ធនាគារ, កសិកម្ម, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កិច្ចការព្រំដែន, ការពារជាតិ និងសន្តិសុខ, ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាអំពីការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមក។ ក្នុងន័យនេះ, កម្ពុជា អាចដឹកជញ្ជូនផលិតផលកសិកម្ម ទៅកាន់ប្រទេសទីបី ដោយឆ្លងកាត់ប្រទេសឡាវ ឯប្រទេសឡាវ ក៏អាចចាត់ទុកកម្ពុជា ជាច្រកផ្លូវដឹកជញ្ជូនទំនិញ ពីប្រទសឡាវ ទីកាន់ទីផ្សារអន្តរជាតិ ដោយឆ្លងកាត់កម្ពុជា និងប្រើប្រាស់ផែសមុទ្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រ ប្រែក្លាយប្រទេសឡាវ ពីប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រ (landlocked) ទៅជាប្រទេស ដែលមានការតភ្ជាប់ (land-linked)។

មេដឹកនាំទាំងពីរ ក៏បានឯកភាពលើកិច្ចខិតខំជំរុញ ពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងឈានដល់គោលដៅ ៧០០លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០។ បន្ថែមលើនេះ, ក្នុងកិច្ចការថាមពល, ប្រមុខរដ្ឋាភិបាលទាំងពីរ បានប្ដេជ្ញា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានានូវសន្តិសុខថាមពល រវាងប្រទេសទាំងពីរ។

មុននឹងបញ្ចប់, លោក សនសៃ ស៊ីផាន់ដន បានផ្ដល់ការគាំទ្រ និងចាត់មន្ត្រីជាន់ខ្ពស់របស់ខ្លួន ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ ក្នុងខែវិច្ឆិកាខាងមុខ៕

To Top