ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ​ ដាក់ផែនការយ៉ាងម៉ឹងម៉ាត់ បោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ត្រឹមថ្ងៃ៣០មីនា

ភ្នំពេញ៖​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ​ បានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ ឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ធ្វើយុទ្ធនាការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពោលគឺសម្អាតឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៦នេះ។

ការដាក់ផែនការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំដកស្រង់ បទពិសោធន៍ លើការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ និងការងារបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ត្ររាជធានីភ្នំពេញ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញ មានអគារខ្ពស់ៗចាប់ពី៧ជាន់ឡើងទៅ ជិត៤០០០អគារ ដូច្នេះសូមឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិ អ្នករស់នៅក្នុងខុនដូ និងអ្នកស្នាក់នៅប្រមូលផ្ដុំ«រួម» តាមបុរីឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន។ នេះជាយុទ្ធនាការបោសសម្អាតឱ្យអស់។

លោក ឃួង ស្រេង ក៏បានរំលឹកនូវប្រសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលថាសម្តេច ទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយក សេដ្ឋកិច្ចពណ៌ប្រផេះនិងខ្មៅ ដាច់ខាត។ ដូច្នេះលោក ឃួង ស្រេង ឱ្យត្រូវរួមគ្នាដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីបង្ក្រាបនិងបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ត្រឹមថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ។ មេបទល្មើស ONLINE SCAMSនេះ ពួកគេជាពួកIT ដែលទៀមទាឱ្យកម្លាំង​ និងអាជ្ញាធរទាំង១៤ខណ្ឌ អនុវត្តការងារនេះ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត។ ត្រូវប្រឹងប្រែងទាំងអស់គ្នា ដើម្បីមុខមាត់ប្រទេសជាតិ។

បន្ថែមលើនេះ ឃួង ស្រេង បានបញ្ជាក់ថា ក្រៅពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ហើយនោះ កងកម្លាំងមានសមត្ថកិច្ច​ និងអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវ បង្ក្រាបល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូផងដែរ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top