ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុន ដកការកត់សម្គាល់ខុសឆ្គង លើតៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតទូទៅ
ប៉េកាំង៖ ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុន ដកការកត់សម្គាល់ខុសឆ្គង ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ទាក់ទងនឹងកោះតៃវ៉ាន់ និងបង្ហាញពីភាពស្មោះត្រង់ជាមូលដ្ឋាន របស់ខ្លួនក្នុងការការពារមូលដ្ឋានគ្រឹះ នយោបាយនៃទំនាក់ទំនងចិន-ជប៉ុនតាមរយៈសកម្មភាពជាក់ស្តែង នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។
អ្នកនាំពាក្យលោក Lin Jian បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំបន្ទាប់ពីសម្ព័ន្ធភាព កាន់អំណាចរបស់ប្រទេសជប៉ុន នៃគណបក្សប្រជាធិបតេយ្យសេរី និងគណបក្សនវានុវត្តន៍ជប៉ុន បានឈ្នះសំឡេងភាគច្រើនជាងពីរភាគបីនៅក្នុងសភា តំណាងរាស្ត្របន្ទាប់ពីការបោះឆ្នោតទូទៅនៅថ្ងៃអាទិត្យ។
លោកបានលេីកឡេីងថា ការបោះឆ្នោតគឺជាបញ្ហា ក្នុងស្រុកនៅក្នុងប្រទេសជប៉ុន ប៉ុន្តែបញ្ហារចនាសម្ព័ន្ធ និងនិន្នាការមនោគមវិជ្ជាដ៏ជ្រៅជ្រះ មួយចំនួន ដែលឆ្លុះបញ្ចាំងនៅក្នុងការបោះឆ្នោតនេះ គឺសក្តិសមនឹងការពិចារណា យ៉ាងស៊ីជម្រៅដោយមនុស្សដែលមានការយល់ដឹងពីគ្រប់មជ្ឈដ្ឋាន នៅក្នុងប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ។
លោកបានបន្ដថា ប្រទេសចិនជំរុញឱ្យអាជ្ញាធរដែលកំពុងកាន់អំណាច របស់ប្រទេសជប៉ុនប្រឈមមុខ នឹងកង្វល់របស់សហគមន៍អន្តរជាតិ ដើរតាមមាគ៌ានៃការអភិវឌ្ឍដោយសន្តិវិធី ជំនួសឱ្យការធ្វើកំហុសឆ្គងយោធានិយមម្តងទៀត និងគោរពតាមឯកសារនយោបាយ ទាំងបួនរវាងប្រទេសចិន និងជប៉ុន។
លោកបានបន្ថែមថា ប្រសិនបើកងកម្លាំងស្តាំនិយម នៅប្រទេសជប៉ុនវិនិច្ឆ័យខុសអំពីស្ថានភាព ហើយធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្ន ពួកគេប្រាកដជានឹងត្រូវបានប្រជាជនជប៉ុនទប់ទល់ ហើយប្រឈមមុខនឹងការវាយប្រហារដោយផ្ទាល់ពីសហគមន៍អន្តរជាតិ៕
