ព័ត៌មានអន្តរជាតិ

អតីតមេបញ្ជាការ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ថា ប្រទេសអារ៉ាប៊ីសាអូឌីត មានអាវុធនុយក្លេអ៊ែរ

បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត មានអាវុធនុយក្លេអ៊ែរ ហើយសហរដ្ឋអាមេរិកបានដឹងយ៉ាងច្បាស់អំពីរឿងនេះ នេះបើយោងតាមលោក Hussein Kanani អតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់ RT។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការចោទប្រកាន់ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលសម្ភាសន៍ផ្តាច់មុខ ជាមួយ លោក Rick Sanchez ដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅមជ្ឈិមបូព៌ារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ជុំវិញការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អតីតមេបញ្ជាការ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ក៏បានចោទប្រកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស រួមទាំង Mossad របស់អ៊ីស្រាអែល និង CIA របស់អាមេរិកថា បានគាំទ្រការតវ៉ាប្រឆាំង រដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់។ លោកបាននិយាយថា “គោលបំណងរបស់ពួកគេមិន ត្រឹមតែផ្តួលរំលំរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំបែកអ៊ីរ៉ង់ទាំងស្រុង និងកេងប្រវ័ញ្ចស្ថានភាពនេះផងដែរ”។

សូមជម្រាបថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានកើនឡើងខ្ពស់ចាប់តាំង ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើរោងចក្រ នុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនាកន្លងទៅ ហើយបានកើនឡើងបន្ថែមទៀត ដោយសារតែការតវ៉ាប្រឆាំងរដ្ឋាភិបាល យ៉ាងទូលំទូលាយ ដែលបានវាយប្រហារសាធារណរដ្ឋអ៊ីស្លាមនៅក្នុងខែធ្នូ និងខែមករា។ ទីក្រុងតេហេរ៉ង់វិញបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជាអ្នកញុះញង់ឱ្យមានចលាចល ក្នុងប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួលៈ ណៃ តុលា

To Top