ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធអប់រំ របស់កម្ពុជា ពីការឈ្លានពានថៃ មានជាង៦លានដុល្លារ
ភ្នំពេញ ៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជននិងកីឡាបានឲ្យដឹងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធអប់រំ ដោយសារការឈ្លានពាន របស់យោធាថៃ ជាលើកទី២ ចាប់ពីថ្ងៃទី៧ដល់២៧ធ្នូ គិតពីតម្លៃប៉ាន់ប្រមាណសរុប ចំនួន៦,២លានដុល្លារ ។

ក្នុងអំឡុងពេល នៃការធ្វើសង្គ្រាមឈ្លានពានលើបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃចំនួន២លើក បានធ្វើឲ្យវិស័យអប់រំនៅកម្ពុជា ទទួលរងនូវឥទ្ធិពល និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសលើការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការគំរាមកំហែងផ្នែកសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាអប់រំនៅគ្រប់កម្រិតនៃតំបន់ជាប់ព្រំដែន ។
ក្នុងសន្និបាតបូកសរុបការងារ និងលើកទិសដៅបន្តរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី គឹម សេដ្ឋានី មានប្រសាសន៍ថា ចំពោះតម្លៃប៉ាន់ប្រមាណ នៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធអប់រំមាននៅខេត្តចំនួន៣ ។ ខេត្តទាំង៣នោះរួមមាន ៖ ខេត្តឧត្តរមានជ័យខូចខាតមានតម្លៃ២,៥៥លានដុល្លារ , ខេត្តបន្ទាយមានជ័យ ២,២៥លានដុល្លារ និងខេត្តព្រះវិហារ១,៤០លានដុល្លារ ។
លោកស្រីបន្តថា ក្នុងនោះមានផល ប៉ះពាល់សាលារៀនចំនួន២៧ទីតាំង ដែលប៉ះពាល់លើអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធអប់រំ គឺនៅខេត្តឧត្តរមានជ័យ ១៣ទីតាំង , ព្រះវិហារ៧ទីតាំង , បន្ទាយមានជ័យ៥ទីតាំង , បាត់ដំបង១ទីតាំង និងពោធិ៍សាត់១ទីតាំង ។

លោកស្រីបញ្ជាក់ថា “ក្នុងសង្គ្រាមរយៈពេល២១ថ្ងៃ សាលារៀនជាច្រើនត្រូវបានបិទទ្វារ ព្រមទាំងផលប៉ះពាល់ដល់សិស្សនិងគ្រូជាច្រើន នៅតាមបណ្តាខេត្តជាប់ព្រំដែន ។ សាលារៀនបិទទ្វារចំនួន១ ២២៧សាលារៀនរដ្ឋ និង៨៤សាលារៀនឯកជន សរុប១ ៣១១សាលារៀន ។ ផលប៉ះពាល់ដល់សិស្សនៅសាលារៀនរដ្ឋចំនួន២៩៧ ៧១៨នាក់ សាលារៀនឯកជនចំនួន៤ ៣៨៥នាក់ សរុបចំនួន ៣០២ ១០៣នាក់ ។ ផលប៉ះពាល់ដល់គ្រូ នៅសាលារៀនរដ្ឋ ចំនួន១៤ ៤៥៨នាក់ សាលារៀនឯកជនចំនួន ៥៧៦នាក់ សរុប ១៥ ០៣៤នាក់” ។
ចំពោះផលប៉ះពាល់លើកទី១ ចាប់ពីថ្ងៃ២៤ដល់២៨កក្កដា ឆ្នាំ២០២៥ វិញត្រូវបានរដ្ឋលេខាធិការ ប្រចាំការក្រសួងអប់រំគូសបញ្ជាក់ថា ប៉ះពាល់សាលារៀនចំនួន៧ទីតាំង នៅខេត្តឧត្តរមានជ័យ៥ទីតាំង និងខេត្តព្រះវិហារ២ទីតាំង ៕
