ព័ត៌មានអន្តរជាតិ

​ មន្ទីរបញ្ចកោណ​ បញ្ជាក់ពីការត្រៀមខ្លួន​ ដើម្បីដាក់ពង្រាយនាវាផ្ទុកយន្តហោះទី២​ ទៅកាន់មជ្ឈិមបូព៌ា

វ៉ាស៊ីនតោន៖​ មន្ទីរបញ្ចកោណបានត្រៀមខ្លួន រួចជាស្រេចដើម្បីដាក់ពង្រាយនាវាផ្ទុកយន្តហោះទី២​ នៅមជ្ឈិមបូព៌ាក្នុងរយៈពេលពីរសប្តាហ៍ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal។

របាយការណ៍នេះ បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលបាន្យដឹងថា នាវាផ្ទុកយន្តហោះនេះទំនងជាមកពីឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក ដោយកត់សម្គាល់ថានាវាផ្ទុកយន្តហោះ USS George H.W. Bush កំពុងបញ្ចប់សមយុទ្ធហ្វឹកហាត់ជាបន្តបន្ទាប់នៅឯឆ្នេរសមុទ្ររដ្ឋ Virginia ហើយវាអាចពន្លឿនសមយុទ្ធទាំងនោះ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់​ ត្រាំ មិនទាន់បានផ្តល់បញ្ជាជាផ្លូវការសម្រាប់ការដាក់ពង្រាយនៅឡើយទេ ហើយផែនការនោះអាចនឹងផ្លាស់ប្តូរ នេះបើយោងតាមរបាយការណ៍។

ប្រសិនបើបទបញ្ជានេះត្រូវបានចេញ នាវាផ្ទុកយន្តហោះទីពីរនឹងចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដែលមាននៅក្នុងតំបន់រួចហើយ ដែលជាលើកដំបូងដែលមាននាវាផ្ទុកយន្តហោះពីរគ្រឿងនៅក្នុងតំបន់នេះចាប់តាំងពីខែមីនា ឆ្នាំ២០២៥ នៅពេលដែលនាវា USS Harry S. Truman និង USS Carl Vinson ស្ថិតនៅមជ្ឈិមបូព៌ា​ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top