អាជ្ញាធរ គូសគំនូស និងឆូតផ្លូវបង្កើនភាពគ្រើម នៅផ្លូវក្រវ៉ាត់ក្រុងទី៣ ក្រោយមានអ្នកធ្វើដំណើរ រអិលជាបន្តបន្ទាប់
ភ្នំពេញ ៖ បន្ទាប់ពីមានបញ្ហារអិលយានជំនិះ ដោយសារក្អែរដី ខ្សាច់ និងប្រេងកៅស៊ូជាប់តាមកង់រថយន្ត លើកំណាត់មួយចំនួន តាមបណ្តោយខ្សែផ្លូវក្រវ៉ាត់ក្រុងទី៣ (មហាវិថីស៊ីជីងពីង) នាថ្ងៃ១១ កុម្ភៈរួចមក នៅថ្ងៃ១២ កុម្ភៈនេះ មន្ទីរសាធារណការបានចុះពិនិត្យទីតាំងកើតហេតុ និងចាត់ចែងបន្ទាន់ដើម្បីទប់ស្កាត់បន្ថយហានិភ័យគ្រោះថ្នាក់ ។ នេះបើតាមហ្វេសប៊ុករបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល នាថ្ងៃ១២ កុម្ភៈ ។

ការទប់ស្កាត់បន្ថយហានិភ័យនេះ ធ្វើឡើងតាមរយៈ ការគូសគំនូសពញ្ញាក់ស្មារតី ដាក់ស្លាកសញ្ញាប្រយ័ត្នរអិលពេលភ្លៀង និងបំពាក់ពីលើដោយភ្លើងពញ្ញាក់ស្មារតី , ដុះលាងដី ខ្សាច់ប្រេងកៅស៊ូ និងប្រេងម៉ាស៊ីនដែលជាប់លើផ្ទៃផ្លូវ និងប្រើម៉ាស៊ីនឆូតបង្កើនភាពគ្រើម ។

ក្រុមការងារបានបោសសំអាតដុះលាង ដី ខ្សាច់ ប្រេងកៅស៊ូ និងប្រើម៉ាស៊ីនឆូតភាពគ្រើមផងដែរ ស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ចន្លោះគ.ម 15+500 ដល់គ.ម 16+000៕

