ព័ត៌មានជាតិ

សម្តេចតេជោ ផ្ញើសារជូនពរ ថ្នាក់ដឹកនាំកំពូលៗ របស់វៀតណាម នាថ្ងៃចូលឆ្នាំចិន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិត អបអរសាទរ ជូនចំពោះថ្នាក់ដឹកនាំកំពូលៗ របស់វៀតណាម នាពិធីបុណ្យឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម ដែលនឹងឈានចូល មកដល់នាពេលឆាប់ៗនេះ ។

ថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម ដែលសម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរនោះ រួមមាន ៖ លោក To Lam អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម (CPV) សាធារណរដ្ឋសង្គមនិយមវៀតណាម , លោក Luong Cuong ប្រធានរដ្ឋ សាធារណរដ្ឋសង្គមនិយមវៀតណាម , លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ។

ក្នុងសារលិខិតទាំង៤របស់សម្តេចតេជោ ផ្ញើទៅថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម ក្នុងថ្ងៃតែមួយពោលនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ មានអត្ថន័យខ្លឹមស្រដៀងគ្នាថា សម្តេចជឿជាក់ថា ឆ្នាំថ្មី នឹងផ្តល់កម្លាំងចលករថ្មី ដល់ទំនាក់ទំនងដ៏ល្អ ប្រសើររវាងប្រទេស រដ្ឋាភិបាល បក្ស និងប្រជាជនទាំងពីរ ក្រោមស្មារតីមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

សម្តេចតេជោបង្ហាញនូវជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំថ្មីនេះដែរ ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ក្រោមស្មារតីមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងស្ថិរភាពយូរអង្វែង ដែលនឹងបម្រើឧត្តមប្រយោជន៍របស់ប្រជាជាតិ និងប្រជាជនទាំងពីរ៕

To Top