ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអាមេរិក ២គ្រឿងបុកគ្នា នៅសមុទ្រជិតអាមេរិកខាងត្បូង អំឡុងពេលធ្វើសមយុទ្ធចាក់ប្រេង

បរទេស៖ មន្ត្រីយោធា បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងពីរគ្រឿង របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានបុកប៉ះគ្នាក្នុងអំឡុង ពេលប្រតិបត្តិការបំពេញបន្ថែម នៅសមុទ្រនៅក្នុងដែនទឹកជិតអាមេរិកខាងត្បូង ដោយបានបណ្តាលឱ្យនាវិកពីរនាក់ រងរបួសស្រាល និងជំរុញឱ្យមានការស៊ើបអង្កេត លើហេតុការណ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះបានកើតឡើងកាលពីថ្ងៃពុធ ខណៈដែលនាវាពិឃាតមីស៊ីល Arleigh Burke USS Truxtun (DDG-103) និងនាវាគាំទ្រការប្រយុទ្ធល្បឿនលឿន Supply USNS Supply (T-AOE-6) បានធ្វើសមយុទ្ធចាក់ប្រេងស្តង់ដារ ក្នុងអំឡុងពេលដែលនាវាធ្វើដំណើរស្របគ្នា ខណៈដែលប្រេងឥន្ធនៈ និងសម្ភារៈផ្គត់ផ្គង់ត្រូវបានផ្ទេរ។

បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកបានបញ្ជាក់ថា បុគ្គលិកពីរនាក់ បានរាយការណ៍ពីរបួសស្រាល និងស្ថិតក្នុងស្ថានភាពមានស្ថេរភាព។ មន្ត្រីបាននិយាយថា នាវាទាំងពីរនៅតែដំណើរការ និងអាចធ្វើដំណើរដោយសុវត្ថិភាព បន្ទាប់ពីហេតុការណ៍នេះ។

វីដេអូដែលបានចែករំលែកតាមអ៊ីនធឺណិត ហាក់ដូចជាបង្ហាញពីពេលដែលនាវា Truxtun បានទាក់ទងជាមួយនាវា Supply ដោយនាវាទាំងពីរ នៅតែដំណើរការនៅពេលនោះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top