នាយករដ្ឋមន្ដ្រីកម្ពុជា សរសើក្រុមការងារ កម្ពុជា-កូរ៉េ ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរក្រុមការងាររួម កម្ពុជា- កូរ៉េ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះសាររបស់លោក Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាព របស់ប្រជាពលរដ្ឋ ។

សម្ដេចធិបតី បន្ដថា ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

សម្ដេច នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ខ្ញុំសូមកោតសរសើរផងដែរ ចំពោះក្រុមការងាររួម កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលទទួលបាន លទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា ក្រុមការងាររួមនេះ នឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែននានា» ៕

