បរទេស៖ ប្រទេសវៀតណាមបានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដើម្បីដាក់ឱ្យដំណើរការសេវាកម្មអ៊ីនធឺណិតផ្កាយរណប Starlink ដោយអនុញ្ញាតឱ្យមានការតភ្ជាប់រហូតដល់ ៦០០.០០ នៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន ខណៈដែលប្រទេសវៀតណាមកំពុងពង្រីកការចូលប្រើឌីជីថល។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់វៀតណាម បានផ្តល់អាជ្ញាប័ណ្ណទូរគមនាគមន៍ដល់ក្រុមហ៊ុន Starlink Services Vietnam ដែលគ្របដណ្តប់ទាំងបណ្តាញផ្កាយរណបថេរ និងចល័ត។ ក្រុមហ៊ុនក៏បានទទួលការអនុញ្ញាតពីនាយកដ្ឋានប្រេកង់វិទ្យុ ដើម្បីប្រើប្រាស់ប្រេកង់វិទ្យុ និងដំណើរការឧបករណ៍វិទ្យុផងដែរ។
ការអនុម័តនេះបានអនុញ្ញាតឱ្យ Starlink សាងសង់ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងទទួលព័ត៌មានស្របច្បាប់នៅក្នុងប្រទេសវៀតណាមដោយមិនជ្រៀតជ្រែកជាមួយប្រព័ន្ធទំនាក់ទំនងឥតខ្សែដែលមានស្រាប់។ នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងស្រុកត្រូវបានជូនដំណឹងឱ្យសម្របសម្រួលការត្រួតពិនិត្យស្របតាមបទប្បញ្ញត្តិជាតិ។
ក្រុមហ៊ុន Starlink មិនទាន់បានប្រកាសពីកាលបរិច្ឆេទដាក់ឱ្យដំណើរការជាផ្លូវការនៅឡើយទេ។
ការផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន SpaceX នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាប័ណ្ណសាកល្បងដែលចេញក្នុងខែមេសា ឆ្នាំ ២០២៥ ដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ឌឹក ផុក ដែលធ្វើឱ្យ Starlink ក្លាយជាក្រុមហ៊ុនបរទេសដំបូងគេដែលត្រូវបានអនុម័តឱ្យសាកល្បងសេវាកម្មអ៊ីនធឺណិតផ្កាយរណបនៅក្នុងប្រទេសវៀតណាម។ ក្រោយមក SpaceX បានបង្កើតនីតិបុគ្គលនៅក្នុងប្រទេសមុនពេលដាក់ពាក្យសុំអាជ្ញាប័ណ្ណពាណិជ្ជកម្មពេញលេញ៕
ប្រែសម្រួលៈ ណៃ តុលា
