ព័ត៌មានអន្តរជាតិ

អាមេរិកចំណាយជិត ៣ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការចាប់ខ្លួន ប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក Nicolas Maduro

បរទេស៖ ប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ការ៉ាប៊ីន រួមទាំងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានធ្វើឱ្យអ្នកជាប់ពន្ធអាមេរិកខាតបង់ជិត ៣ ពាន់លានដុល្លារ ហើយកំពុងកើនឡើងឥតឈប់ឈរ , នេះបើយោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានរក្សាវត្តមាន នៅខាងក្រៅប្រទេស វេណេស៊ុយអេឡា ដោយយកលេសថានឹងផ្លាស់ប្តូរអំណាច បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យចាប់ខ្លួនលោក Maduro និងភរិយា គឺលោកស្រី Cilia Flores កាលពីដើមខែមករា ។ អ្នកទាំងពីរបច្ចុប្បន្នកំពុងជាប់ឃុំឃាំង នៅសហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក ដោយប្រឈមមុខនឹងការចោទប្រកាន់ពីសហព័ន្ធពីបទភេរវកម្មគ្រឿងញៀន ការនាំចូលកូកាអ៊ីន និងបទល្មើសអាវុធ ដែលពួកគេបដិសេធ ។

យោធាសហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយ នៅទូទាំងភាគខាងត្បូង នៃតំបន់ការ៉ាប៊ីន និងភាគខាងកើតប៉ាស៊ីហ្វិកចាប់តាំងពីខែសីហា ក្នុងអ្វីដែលដំបូងឡើយត្រូវបានគេហៅថា បេសកកម្មប្រឆាំងគ្រឿងញៀន បានអនុវត្តការបិទផ្លូវមួយផ្នែក ដើម្បីធានាបាននូវការ អនុលោមពីអាជ្ញាធរ ដែលនៅសេសសល់ របស់ប្រទេសវេណេស៊ុយអេឡា។ លោក ដូណាល់ ត្រាំ បាននិយាយដោយបើកចំហថា សហរដ្ឋអាមេរិកនឹង “គ្រប់គ្រងប្រទេស វ៉េណេស៊ុយអេឡា” រហូតដល់ “ការផ្ទេររអំណាចដោយយុត្តិធម៌” ត្រូវបានបញ្ចប់។

សេតវិមានបានអះអាងថា ប្រតិបត្តិការនៅ វេណេស៊ុយអេឡាមិនបានធ្វើឱ្យអ្នកជាប់ពន្ធចំណាយប្រាក់បន្ថែមទេ ពីព្រោះកងកម្លាំង ដែលពាក់ព័ន្ធត្រូវបានដាក់ពង្រាយរួចហើយ ប៉ុន្តែការគណនារបស់ Bloomberg ដោយផ្អែកលើការចំណាយប្រចាំថ្ងៃរបស់កងទ័ពជើងទឹកបង្ហាញថា ការចំណាយប្រតិបត្តិការសម្រាប់នាវា យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងនាវាដឹកជញ្ជូនរាប់សិបគ្រឿង បានឡើងដល់កំពូលជាង ២០ លានដុល្លារក្នុងមួយថ្ងៃចាប់ពីពាក់កណ្តាលខែវិច្ឆិកាដល់ពាក់កណ្តាលខែមករា ដែលត្រូវបានគេរាយការណ៍ថា បានជំរុញឱ្យចំនួនសរុបឡើងដល់ជាង ២,៩ ពាន់លានដុល្លារចាប់តាំង ពីការដាក់ពង្រាយបានចាប់ផ្តើម។

ចំណែកក្រុមវាយប្រហារនៃនាវា USS Ford តែម្នាក់ឯង ត្រូវចំណាយប្រហែល ១១,៤ លានដុល្លារក្នុងមួយថ្ងៃ ជាមួយនឹងការដឹកជញ្ជូន ការស៊ើបការណ៍សម្ងាត់ ការគាំទ្រ តាមអ៊ីនធឺណិត និងការហាត់សមប្រតិបត្តិការ៕
ប្រែសម្រួលៈ ណៃ តុលា

To Top