អ៊ីរ៉ង់ បិទច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន ដើម្បីធ្វើសមយុទ្ធយោធា
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន ដើម្បីធ្វើសមយុទ្ធយោធារបស់ខ្លួន។
របាយការណ៍នេះបានឧ្យដឹងថា ចរាចរណ៍ផ្លូវសមុទ្រនៅក្នុងច្រកសមុទ្រ Hormuz ត្រូវបានហាមឃាត់រយៈពេលពីរបីម៉ោង ដើម្បីធ្វើសមយុទ្ធនេះ ដែលមានឈ្មោះថា “ការគ្រប់គ្រងឆ្លាតវៃ នៃច្រកសមុទ្រ Hormuz” ដែលបានចាប់ផ្តើមដោយកង ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ចាប់តាំងពីថ្ងៃចន្ទ។
យោងតាម Tasnim កងកម្លាំងកងទ័ពជើងទឹក IRGC បានប្រើប្រាស់ប្រព័ន្ធវាយលុក និងការពារជាច្រើនប្រភេទ ដើម្បីបំផ្លាញគោលដៅរបស់ពួកគេយ៉ាងច្បាស់លាស់។ ទូកល្បឿនលឿនបាញ់មីស៊ីលលឿនបំផុតរបស់ IRGC បានធ្វើប្រតិបត្តិការប្រយុទ្ធ ដោយមីស៊ីល បាញ់ចេញពីតំបន់ដីគោក ឆ្នេរសមុទ្រ និងកោះ បានវាយប្រហារគោល ដៅរបស់ពួកគេយ៉ាងត្រឹមត្រូវនៅក្នុងច្រកសមុទ្រ Hormuz។
អង្គភាពយន្តហោះ គ្មានមនុស្ស បើករបស់កងទ័ពជើងទឹក IRGC ក៏បានអនុវត្តប្រតិបត្តិការ ដោយប្រើយន្ត ហោះគ្មានមនុស្សបើកវាយលុក និងឈ្លបយកការណ៍នៅក្នុងបរិយាកាសដែលមានការកកស្ទះសញ្ញា ដោយវាយប្រហារដោយគោលដៅថេរ និងគោលដៅ ដែលកំពុងផ្លាស់ទីយ៉ាងច្បាស់លាស់។
សារព័ត៌មានផ្លូវការរបស់ IRGC គឺ Sepah News បានចុះផ្សាយ កាលពីថ្ងៃចន្ទថា សមយុទ្ធនេះកំពុងត្រូវបានធ្វើឡើង ក្រោមការត្រួតពិនិត្យ ការគ្រប់គ្រង និងការត្រួតពិនិត្យនៅនឹងកន្លែង របស់មេបញ្ជាការ IRGC គឺលោក Mohammad Pakpour៕
ប្រែសម្រួល ឈូក បូរ៉ា
