ក្រុមប្រទេសជាមិត្ត នៃអភិបាលកិច្ចសកល អំពាវនាវឱ្យការពារធម្មនុញ្ញ អង្គការសហប្រជាជាតិ និងនីតិរដ្ឋអន្តរជាតិ
អង្គការសហប្រជាជាតិ ៖ នៅពេលដែលពិភពលោក ពោរពេញដោយភាពមិនប្រាកដប្រជា និងអស្ថិរភាព រួមជាមួយនឹងការមិនទុកចិត្តគ្នា និងការបែកបាក់កាន់តែខ្លាំងឡើង សហគមន៍អន្តរជាតិ ត្រូវតែការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងគាំទ្រនីតិរដ្ឋអន្តរជាតិ នេះបើយោងតាមការលើកឡើង របស់ក្រុមប្រទេសជាមិត្ត នៃអភិបាលកិច្ចសកល។
នៅក្នុងគណៈកម្មាធិការពិសេស ស្តីពីធម្មនុញ្ញអង្គការ សហប្រជាជាតិ និងស្តីពីការពង្រឹងតួនាទីរបស់អង្គការ ក្រុមនេះបានឧ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយថា ប្រឈមមុខនឹងជម្រើសសំខាន់ៗរវាងសន្តិភាព និងជម្លោះ វឌ្ឍនភាព និងការធ្លាក់ចុះ សណ្តាប់ធ្នាប់ និងភាពវឹកវរ ពិភពលោកកំពុងឈរនៅផ្លូវបំបែកថ្មីមួយម្តងទៀត ។
នៅក្នុងបរិបទនេះ ការអនុវត្តពេញលេញ នៃអាណត្តិរបស់គណៈកម្មាធិការពិសេស ដើម្បីពង្រឹងតួនាទី របស់អង្គការសហប្រជាជាតិ សម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់បទដ្ឋាននៃច្បាប់អន្តរជាតិ «គឺមានភាពបន្ទាន់ជាងពេលណាៗទាំងអស់» នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលថ្លែងដោយប្រទេសចិន ក្នុងនាមសមាជិក ៤៩ រូបនៃក្រុមប្រទេសជាមិត្តនៃអភិបាលកិច្ចសកល ។
ក្រុមនេះបានបន្ដថា «ធម្មនុញ្ញនេះ គឺជាគោលការណ៍ណែនាំជាមូលដ្ឋាន សម្រាប់ការធ្វើទំនាក់ទំនងអន្តរជាតិ និងជាមូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់អន្តរជាតិ ។ បទដ្ឋានជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងសមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងការហាមឃាត់ការប្រើប្រាស់កម្លាំង ដូចដែលបានចែងក្នុងធម្មនុញ្ញ ត្រូវតែគោរព និងអនុវត្ត» ។
រដ្ឋទាំងអស់ ដោយមិនគិតពីទំហំ កម្លាំង ឬទ្រព្យសម្បត្តិ គឺស្មើគ្នា។ ការគោរពគ្នាទៅវិញទៅមក និងការរួមរស់ដោយសន្តិភាពគួរតែមានជាធរមាន គណៈកម្មាធិការនេះបានឧ្យដឹងដោយអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ គោរពសណ្តាប់ធ្នាប់អន្តរជាតិ ដែលគាំទ្រដោយច្បាប់អន្តរជាតិ ធានាការអនុវត្តបទដ្ឋានអន្តរជាតិស្មើភាពគ្នា និងស៊ីសង្វាក់គ្នា និងបដិសេធស្តង់ដារពីរ និងការអនុវត្តជ្រើសរើស៕
