មេដឹកនាំឥណ្ឌូនេស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយលោក Trump ខណៈនៅទីក្រុងវ៉ាស៊ីនតោន ប្រជុំក្រុមប្រឹក្សាសន្តិភាព
បរទេស៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ពាណិជ្ជកម្មទៅវិញ ទៅមក កាលពីថ្ងៃព្រហស្បតិ៍ ជាមួយប្រធានាធិបតី អាមេរិក លោក Donald Trump ខណៈពេលដែលកំពុង ស្ថិតនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំ លើកដំបូង នៃក្រុមប្រឹក្សាសន្តិភាព ដឹកនាំដោយលោក Trump។

យោងតាមគេហទំព័រ Yahoo Finance ចេញផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ព័ត៌មានលម្អិត ពីកិច្ចព្រមព្រៀង នេះមិនត្រូវ បានចេញផ្សាយភ្លាមៗទេ ប៉ុន្តែប្រទេសទាំងពីរបានឈាន ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្របខ័ណ្ឌមួយ កាលពីរដូវក្តៅមុន ដើម្បីឲ្យសេដ្ឋកិច្ច ធំបំផុត របស់អាស៊ី អាគ្នេយ៍លុប បំបាត់ពន្ធសម្រាប់ទំនិញអាមេរិក ភាគច្រើន ខណៈដែលសហរដ្ឋអាមេរិក នឹងកំណត់ពន្ធលើទំនិញ ឥណ្ឌូនេស៊ីនៅ ១៩% នោះជាអត្រាដូចគ្នានឹង ប្រទេសកម្ពុជា និងម៉ាឡេស៊ី ។
ក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក ក៏បានឈានដល់កិច្ចព្រមព្រៀងចំនួន ១១ ក្នុងសប្តាហ៍នេះដែលមានតម្លៃ ៣៨,៤ ពាន់លានដុល្លារ រួមទាំងការទិញសណ្តែកសៀង ពោត កប្បាស និងស្រូវសាលីរបស់សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការលើរ៉ែសំខាន់ៗ និងការស្តារឡើងវិញលើវិស័យប្រេង និងការបណ្តាក់ទុនរួមគ្នាក្នុងបន្ទះឈីបកុំព្យូទ័រ។
លោក Prabowo បានប្រាប់នាយកប្រតិបត្តិអាជីវកម្ម កាលពីថ្ងៃពុធនៅសភាពាណិជ្ជកម្ម សហរដ្ឋអាមេរិកថា “យើងបានចរចាយ៉ាងស៊ីជម្រៅ ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ហើយខ្ញុំគិតថាយើងបានឈាន ដល់ការយោគយល់គ្នាយ៉ាង រឹងមាំលើបញ្ហាជាច្រើន” ៕
