អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅឫស្សីកែវ សម្លាប់មនុស្ស៤នាក់ និងរបួស៥នាក់
ភ្នំពេញ ៖ ករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង របស់ប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ នៅម៉ោង១០និង២០នាទីយប់បានបណ្តាលឱ្យស្លាប់៤នាក់ និងរងរបួសធ្ងន់-ស្រាល៥នាក់។ នេះបើតាមការផ្សាយរបស់ស្នងការ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ២០ កុម្ភៈ ។

អគ្គិភ័យនេះ ធ្វើឱ្យឆេះខូចខាត ផ្ទះល្វែង៣ល្វែង ទំហំ៤ម៉ែត្រ x ១៦ម៉ែត្រ អស់ទាំងស្រុង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទាំងស្រុង ។ ក្នុងនោះ ស្លាប់ចំនួន៤នាក់ (ប្រុស១នាក់ ស្រី៣នាក់) និងរបួសចំនួន៥នាក់ (ស្រី១នាក់ រងរបួសធ្ងន់, ប្រុស៣នាក់ ជាក្រុមជំនួយស្ម័គ្រចិត្ត)។

អគ្គិភ័យនេះ ត្រូវបានពន្លត់បានទាំងស្រុងនៅវេលាម៉ោង២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី២០ កុម្ភៈ ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៧៦ឡាន ស្មើនឹង១០៥៦ម៉ែត្រគូប និងរថយន្តជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង១២ម៉ែត្រគូប។ ក្នុងនោះ រថយន្ត សាលាខណ្ឌឫស្សីកែវ ចំនួន៣គ្រឿង និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ៕




