ព័ត៌មានជាតិ

លោក កែវ រ៉េមី ៖ រដ្ឋមន្រ្តីការបរទេសថៃ នឹងយកបញ្ហា Scam online ទៅប្រើនៅUN ទប់ទល់សម្តេចធិបតី ជារឿងអាម៉ាស់របស់ថៃ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា រដ្ឋមន្រ្តីការបរទេសថៃ ដែលបានប្រកាសយកបញ្ហាបទ ល្មើសបច្ចេកវិទ្យាអនឡាញ (Scam online) ទៅប្រើប្រាស់ដើម្បីប្រឆាំងទប់ទល់ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារឿងអាម៉ាស់យ៉ាងខ្លាំងរបស់ប្រទេសថៃ ។

ការលើកឡើង របស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បន្ទាប់ពីលោក ស៊ីហាស័ក ភួងកេតកែវ រដ្ឋមន្រ្តីការបរទេសថៃ បាននិយាយថា នឹងលើកយកបញ្ហា Scam online ទៅប្រើប្រាស់ នៅអង្គការសហប្រជាជាតិ(UN) ដើម្បីទប់ទល់ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។
ប៉ុន្តែបើតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា បញ្ហា Scam Online ជាបញ្ហាសាកលដែលកើតមានឡើងស្ទើរគ្រប់ប្រទេសនៅលើសាកលលោក។ ដូច្នេះបញ្ហា Scam Online និងការឈ្លានពានទឹកដី គឺជារឿងពីរផ្ទុយគ្នាស្រឡះ ។

លោកបន្តថា ប្រទេសមួយឈ្លានពានប្រទេសមួយទៀត ដោយមិនអាចយកមូលហេតុ នៃការបង្រ្កាបបញ្ហា Scam Online នោះទេ។ ក្រោមច្បាប់អន្តរជាតិនៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ហាមដាច់ខាតប្រទេសទាំងអស់ប្រើកម្លាំង យោធាឈ្លានពានដែនអធិបតេយ្យភាព បូរណភាពទឹកដីនៃប្រទេសមួយទៀត លើកលែងករណីដែលអាចប្រើកម្លាំងទ័ពបាន ដើម្បីការពារខ្លួនតែប៉ុណ្ណោះ ឬមានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ។

ទេសរដ្ឋមន្រ្តី កែវ រ៉េមី បញ្ជាក់ថា ចំពោះការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសថៃ ដែលនឹងលើកយកបញ្ហា Scam online ទៅប្រើប្រាស់នៅអង្គការសហប្រជាជាតិ ដើម្បីទប់ទល់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារឿងអាម៉ាស់របស់ថ្នាក់ដឹកនាំថៃ ដែលគ្មានការយល់ដឹងពីច្បាប់អន្តរជាតិ និងការបែកចែកឲ្យបានច្បាស់នៃបទល្មើស Scam Online និងការឈ្លានពានទឹកដី ៕

To Top