អ៊ីរ៉ង់ នឹងរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលលោក ត្រាំ កំពុងពិចារណាការវាយប្រហារយោធាមានកំណត់
គែរ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់នឹងរៀបចំសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអាចធ្វើទៅបានជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលពីរទៅបីថ្ងៃ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកកំពុងពិចារណាលើការវាយប្រហារយោធាមានកំណត់លើអ៊ីរ៉ង់។

នៅក្នុងបទសម្ភាសន៍ជាមួយ MSNBC ខណៈពេលដែលកំពុងពន្យល់អំពីការចរចានុយក្លេអ៊ែរដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងវិធីដើម្បីបំបាត់ភាពខុសគ្នាលើបញ្ហានុយក្លេអ៊ែរ លោក Araghchi បានឧ្យដឹងថា «ជំហានបន្ទាប់របស់ខ្ញុំ គឺការបង្ហាញសេចក្តីព្រាងនៃកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបានដល់សមភាគីអាមេរិករបស់ខ្ញុំ» ដោយកត់សម្គាល់ថាសេចក្តីព្រាងនេះនឹងរួចរាល់ក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ។
លោកបានលេីកឡេីងថា សេចក្តីព្រាងនេះ ដែលនៅពេលដែលថ្នាក់លើរបស់លោកបានបញ្ចប់រួចរាល់ហើយនោះ នឹងត្រូវប្រគល់ជូនលោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដោយបន្ថែមថា ភាគីទាំងពីរ «អាចត្រូវការការពិភាក្សាមួយជុំទៀត មុននឹងចាប់ផ្តើមការងារ ដើម្បីឈានទៅរកការសន្និដ្ឋានល្អ»។
ក្នុងអំឡុងពេលនៃការចរចាដោយប្រយោលជុំទីពីរនៅថ្ងៃអង្គារ លោក Araghchi បានឧ្យដឹងថា អ៊ីរ៉ង់មិនបានស្នើផ្អាកការចម្រាញ់អ៊ុយរ៉ាញ៉ូមនៅលើទឹកដីរបស់ខ្លួនទេ ហើយភាគីអាមេរិកក៏មិនបានដាក់ចេញនូវការទាមទារបែបនេះដែរ។
លោកបានពន្យល់ថា «អ្វីដែលយើងកំពុងនិយាយឥឡូវនេះ គឺរបៀបធ្វើឲ្យប្រាកដថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងការចម្រាញ់អ៊ុយរ៉ាញ៉ូម គឺមានសន្តិភាព និងនឹងនៅតែមានសន្តិភាពជារៀងរហូត»៕
ប្រែសម្រួល ឈូក បូរ៉ា
