សម្តេចធិបតី តែងតែលើកឡើង ពីបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងរាល់ជំនួបជាមួយភាគី អន្តរជាតិ នៅអាម៉េរិក
ភ្នំពេញ ៖ រាល់ក្នុងជំនួបជាមួយភាគីអន្តរជាតិ អំឡុងពេលស្នាក់នៅលើទឹកដី សហរដ្ឋអាម៉េរិក ដើម្បីអញ្ជើញចូលរួម “កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព” ក្រោមអធិបតីភាពលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជាប្រធានក្រុមប្រឹក្សា សន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែតតែងតែជម្រាបជូនសមភាគី អំពីស្ថានភាព នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ចេញផ្សាយនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពី លទ្ធផលនៃកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព និងជំនួបជាមួយសហគមន៍ អន្តរជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា សម្តេចធិបតី បានជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈ ជាមួយសមភាគីអន្តរជាតិ ជាច្រើននាក់រួមមាន ៖ លោក Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រីលើបញ្ហា ដែលជាចំណាប់អារម្មណ៍រួម។
បន្តមកទៀត សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាជាមួយលោក Prabowo Subianto ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោក តូ ឡាំ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត ។

ក្នុងអំឡុងស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រីបានជួបពិភាក្សាលោកJamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ។ ក្នុងនោះក៏មានជាមួយលោក Christoper Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ។ ជំនួបជាមួយលោក Elbridge A. Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក និងលោក Andrew Collison Baker អនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ។
បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជំនួបសម្តែងការគួរសមពីលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីយ៉េ ដែលរាល់ជំនួបទាំងអស់នោះ សម្តេចធិបតីសុទ្ធតែបានលើកឡើងពីករណីព្រំដែនកម្ពុជា-ថៃ ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា ក្នុងជំនួបខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជម្រាបជូនសមភាគី អំពីស្ថានការណ៍នៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណ តម្លៃស្នូលរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមាន ការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា កិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង ដើម្បីរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬប្រើប្រាស់កម្លាំង ៕

