ព័ត៌មានជាតិ

ក្រសួងវប្បធម៌ អំពាវនាវដល់អ្នកសិល្បៈ និងអ្នករៀបចំពិធី ព្យាយាមរក្សាឱ្យបាន នូវការគោរព និងការអនុវត្ត តាមពិធីដើម នៃមង្គលការ

ភ្នំពេញ ៖ ដើម្បីចូលរួមរក្សាតម្លៃ ជំនឿសាសនា និងរបៀបរបបប្រពៃណី របស់អាពាហ៍ពិពាហ៍ខ្មែរ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវ ដល់គ្រប់អ្នកសិល្បៈ និងអ្នករៀបចំពិធី ព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្ត តាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាន នូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ។

យោងតាមសេចក្ដីអំពាវនាវរបស់ ក្រសួងវប្បធម៌ នៅថ្ងៃទី២៣ កុម្ភៈ នេះ ថា ក្នុងរយៈពេលថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញមានបញ្ហាពាក់ព័ន្ធនឹងសកម្មភាព មួយចំនួន ក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ ពិសេសសកម្មភាពក្នុងពិធីបុកល័ក្ខ ដោយមានការប្រើ ពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងដល់ទំនៀមទម្លាប់ សាសនាឥស្លាមផង។

ពិធីបុកល័ក្ខ ជាផ្នែកមួយដ៏សំខាន់ នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ឬត្រូវបានស្គាល់ថាជាពិធី «ធ្វើធ្មេញ ឬធ្វើធ្មេញ បំពេញល័ក្ត ឬបុកល័ក្ត» ឬតំបន់ខ្លះហៅថា «ធ្វើធ្មេញលេញល័ក្ត ឬកោសធ្មេញ-ក៏មាន។ ពិធីនេះជាទំនៀមទម្លាប់ តាមតំបន់ ឬប្រារព្ធតាមលទ្ធភាពសាមីពិធី ក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុស កូនស្រី ត្រូវទទួលនូវពាក្យផ្អែម ល្វីង ជូរ ចត់ ហឹរ ប្រៃ ក្នុងជីវិតប្តីប្រពន្ធ ឧបមាដូចទៅនឹងរសជាតិវត្ថុជាថ្នាំផ្សេងៗផ្សំមកប្រើធ្វើធ្មេញក្នុងពិធីបុកល័ក្ត។

តាមទំនៀមទម្លាប់ ក្នុងពិធីបុកល័ក្តតែងមានការចូលរួមពីបងប្អូនញាតិមិត្ត ដោយមិនប្រកាន់ពណ៌សម្បុរ ឬ សាសនានោះឡើយ។ នៅតំបន់ខ្លះ តែងធ្វើពិធីនេះ ដោយមានការសម្តែងវែងឆ្ងាយ ពីដំណើរទៅរកល័ក្ត និងគ្រឿងថ្នាំ ដោយឆ្លងទឹក ឆ្លងអូរ កាត់ព្រៃភ្នំ ហើយជួបប្រទះ ដោយសត្វតូចធំនានា ជាឧបសគ្គ ។ រីឯការសម្តែងជាសិល្បៈ ភាគច្រើន គឺពាក់ព័ន្ធនឹងសកម្មភាព នៃដំណើររកល័ក្ត ដោយជួបជាតិសាសន៍ផ្សេងៗ ដូចជាចិន ចាម្ប៉ា ជនជាតិដើមភាគតិច ជាដើម។ល។ ក្នុងការអនុវត្តជាក់ស្តែង ពិធីនេះអាចប្រែប្រួល តាមទម្រង់ផ្សេងៗ ទៅតាមតំបន់ ឬទៅតាមលទ្ធភាពនានា។

ទោះជាពិធីនេះស្ថិតក្រោមទម្រង់ណាមួយក៏ដោយ ក៏ក្នុងន័យដើម្បីចូលរួមរក្សាតម្លៃ ជំនឿសាសនា និង របៀបរបបប្រពៃណីរបស់អាពាហ៍ពិពាហ៍ខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថ «សូមអំពាវនាវដល់គ្រប់អ្នកសិល្បៈ និង អ្នករៀបចំពិធី សូមព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាន នូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ជាពិសេសការប្រើប្រាស់ពាក្យសម្តី កាយវិការ និងសម្លៀកបំពាក់ ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា»។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមថា ការចូលរួមគោរព និងអនុវត្តដោយទឹកចិត្តស្រឡាញ់ការពារ នឹងធ្វើឱ្យ វប្បធម៌ប្រពៃណីជាតិកាន់តែរុងរឿង និងគង់វង្ស៕

To Top