លោក ប៉ែន បូណា ៖ ក្នុងស្មារតីស្រឡាញ់សន្តិភាព កម្ពុជានៅតែគោរព បទឈប់បាញ់
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ដោយសារស្រឡាញ់សន្តិភាព និងគោរពច្បាប់ ថ្នាក់ដឹកនាំកំពូលកម្ពុជា បន្តគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២៥ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីព្រំដែនកម្ពុជា-ថៃនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់ នូវបទឈប់បាញ់ និងគ្រប់ចំណុច នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀត ដែលបានធ្វើកាលពីពេលកន្លងទៅ ។
លោកបញ្ជាក់ថា “កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់ អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោល ព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគី ទាំងពីរបានឯកភាពគ្នានាពេលកន្លងមក”។
អ្នកនាំពាក្យនៅតែបន្តអះអាងថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ៕
