ហានិភ័យសង្គ្រាម កើនឡើងនៅមជ្ឈិមបូព៌ា មុនកិច្ចចរចាដែលបានគ្រោងទុក រវាងអាមេរិក-អ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ
តេអេរ៉ង់ ៖ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគ្រោងនឹងបន្តការចរចា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មានសញ្ញាតិចតួចណាស់ នៃការថមថយភាពតានតឹង នៅក្នុងការប្រឈមមុខដាក់គ្នា ខាងយោធារបស់ពួកគេ។
ដោយសារសហរដ្ឋអាមេរិក កំពុងបង្កើនវត្តមានយោធាក្នុងតំបន់ ការដកបុគ្គលិកការទូតចេញ និងការចេញការគំរាមកំហែង កាន់តែខ្លាំងឡើង នៃការវាយប្រហារ ដែលអាចកើតមាន អ្នកជំនាញក្នុងតំបន់បានព្រមានថា ហានិភ័យនៃសង្គ្រាម នៅមជ្ឈិមបូព៌ាកំពុងកើនឡើងយ៉ាងខ្លាំង។
ទីក្រុងតេអេរ៉ង់ បើកចំហសម្រាប់ការចរចា ត្រៀមខ្លួន សម្រាប់សង្គ្រាម ដោយមន្ត្រីអ៊ីរ៉ង់ បានបង្ហាញទាំងការបើកចំហ ចំពោះការចរចា និងការត្រៀមខ្លួន សម្រាប់ការប្រឈមមុខដាក់គ្នា។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានព្រមានកាលពីថ្ងៃចន្ទថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក ដោយមិនគិតពីវិសាលភាព និងទំហំរបស់វា នឹងត្រូវបានចាត់ទុកថា ជាទង្វើឈ្លានពាន និងត្រូវជួបប្រទះនឹងផលវិបាក។
លោកបានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់នៅតែ “ត្រៀមខ្លួនយ៉ាងប្រុងប្រយ័ត្នគ្រប់ពេល” ទោះបីជាកិច្ចខិតខំប្រឹងប្រែង ផ្នែកការទូតនៅតែបន្តក៏ដោយ។
លោកបានបង្ហាញថា ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬច្រើនសប្តាហ៍ជាប់ៗគ្នា ប៉ុន្តែត្រូវបានរុញច្រានប្រឆាំងនឹងចន្លោះពេលយូរ ដោយថា “យើងមិនមានអត្ថប្រយោជន៍ក្នុងការពន្យារពេលដំណើរការចរចានោះទេ”។
ការអត្ថាធិប្បាយទាំងនេះធ្វើឡើងបន្ទាប់ពីការចរចាដោយប្រយោលពីរជុំនៅខែនេះនៅទីក្រុង Muscat និងទីក្រុងហ្សឺណែវ។ កិច្ចប្រជុំលើកទីបី ត្រូវបានគេរំពឹងទុកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទីក្រុងហ្សឺណែវ ដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi អាចនឹងជួបជាមួយលោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានពិពណ៌នាអំពីការចរចាថ្មីៗនេះថា «បានផ្តល់សញ្ញាលើកទឹកចិត្ត» ខណៈពេលដែលបានព្រមានថា អ៊ីរ៉ង់ «បានធ្វើការត្រៀមលក្ខណៈចាំបាច់ទាំងអស់ សម្រាប់សេណារីយ៉ូដែលអាចកើតមាន»៕
ប្រែសម្រួល ឈូក បូរ៉ា
