ក្រសួងធនធានទឹក ណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀងកក់ខែ ចាប់ពីថ្ងៃទី២៦ កុម្ភៈ ដល់ថ្ងៃទី៣ មីនា
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំសាធារណជន និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាសភ្លៀងកក់ខែ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក ថា ខណៈនេះសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦៖
១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%។
២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដី ៤០%។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងកក់ខែធ្លាក់ លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។ រលកសមុទ្រមានកម្ពស់មធ្យម អប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។
យោងលើការព្យាករ ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា «សូមសាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុក ដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាសភ្លៀងកក់ខែនេះ ដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់ផលដំណាំ និងជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ»៕
