រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនថា ជប៉ុននឹងដាក់ពង្រាយមីស៊ីលនៅកោះ Yonaguni ដែលមានចម្ងាយ ១១០ គីឡូម៉ែត្រ ភាគខាងកើត នៃកោះតៃវ៉ាន់ នៅឆ្នាំ ២០៣០
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនមានគម្រោងដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយមធ្យមទៅកាន់កោះ Yonaguni នៃខេត្ត Okinawa ដែលមានចម្ងាយត្រឹមតែ ១១០ គីឡូម៉ែត្រភាគខាងកើតនៃកោះតៃវ៉ាន់ នៅឆ្នាំ ២០៣០។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Koizumi បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា “បច្ចុប្បន្ននេះ យើងកំពុងបន្តកិច្ចការចាំបាច់ ដូចជាការសិក្សាជាមូលដ្ឋានទាក់ទងនឹងការកែលម្អទីតាំងសម្រាប់ការដាក់ពង្រាយកងទ័ពទៅកាន់ផ្នែកខាងកើតនៃយោធភូមិភាគ”។
ប៉ុន្តែលោក Koizumi ក៏បានបន្ថែមការព្រមាន មួយផងដែរ ដោយនិយាយថា “ពេលវេលាសម្រាប់ការដាក់ពង្រាយ អង្គភាពមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយ មធ្យមអាចផ្លាស់ប្តូរ អាស្រ័យលើវឌ្ឍនភាព នៃការកែលម្អទីតាំង នាពេលអនាគត ប៉ុន្តែផែនការបច្ចុប្បន្នគឺសម្រាប់ឆ្នាំសារពើពន្ធ ២០៣០”៕
ប្រែសម្រួលៈ ណៃ តុលា
