ប្រធានាធិបតីម៉ិកស៊ិក កំពុងពិចារណាចាត់វិធានការ ផ្លូវច្បាប់លើមហាសេដ្ឋី អាមេរិក Elon Musk
បរទេស៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានប្រកាសថា លោកស្រីកំពុងពិចារណា លើបណ្តឹងប្រឆាំង នឹងមហាសេដ្ឋី អាមេរិក Elon Musk បន្ទាប់ពីលោកអះអាងថា លោកស្រីត្រូវបានគ្រប់គ្រង ដោយក្រុមជួញដូរគ្រឿងញៀន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Elon Musk បានសរសេរមតិយោបល់នេះកាលពីថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរម៉ិកស៊ិកបានប្រកាសពីការសម្លាប់លោក Nemesio Oseguera Cervantes ដែលជាមេដឹកនាំ ក្រុមជួញដូរគ្រឿងញៀនជំនាន់ថ្មី ។ លោក Elon Musk បានឆ្លើយតបទៅនឹងការ បង្ហោះមួយក្នុងឆ្នាំ ២០២៥ ដែលលោកស្រី Sheinbaum បានបដិសេធសង្គ្រាមទាំងស្រុងលើក្រុមជួញដូរគ្រឿងញៀន។
នៅក្នុងវីដេអូមួយ លោកស្រី Sheinbaum បាននិយាយថា “ការវិលត្រឡប់ទៅសង្គ្រាមប្រឆាំង នឹងគ្រឿងញៀន មិនមែនជាជម្រើសមួយទេ… វាគឺជាការអនុញ្ញាតឱ្យសម្លាប់ដោយគ្មានការកាត់ក្តីណាមួយឡើយ”។ លោក Musk បានឆ្លើយតបថា លោកស្រីកំពុង “និយាយអ្វីដែលថៅកែក្រុមជួញដូរគ្រឿងញៀនរបស់លោកស្រីប្រាប់ឱ្យលោកស្រីនិយាយ” ដោយអះអាងថា “ការដាក់ទណ្ឌកម្មរបស់ពួកគេចំពោះការមិនស្តាប់បង្គាប់គឺអាក្រក់ជាង ‘ផែនការកែលម្អការអនុវត្ត’ បន្តិច”។
ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ លោកស្រី Sheinbaum បាននិយាយថា លោកស្រីកំពុង “ពិចារណាថាតើត្រូវចាត់វិធានការផ្លូវច្បាប់ឬអត់” ហើយថា “មេធាវីកំពុងស៊ើបអង្កេតវា”។ លោកស្រីបាននិយាយថា ការដែលអះអាងថា លោកស្រីដឹកនាំ “រដ្ឋាភិបាលគ្រឿងញៀន” គឺ “មិនសមហេតុផល” និង “គួរឱ្យអស់សំណើច”។
មេដឹកនាំម៉ិកស៊ិករូបនេះ បានប្រឈមមុខនឹងការរិះគន់ ជុំវិញគោលនយោបាយ សន្តិសុខជាតិរបស់លោកស្រី ចំពេលមានការកើនឡើង នៃអំពើហិង្សានៅចុងសប្តាហ៍៕
ប្រែសម្រួលៈ ណៃ តុលា
