ព័ត៌មានអន្តរជាតិ

​ សង្គ្រាមអូសបន្លាយ​ ៤ឆ្នាំ​ តើសន្តិភាព កាន់តែខិតជិតមកដល់ហើយ ឬនៅ ក្នុងវិបត្តិអ៊ុយក្រែន?

ប៉េកាំង ៖ ខណៈដែលវិបត្តិអ៊ុយក្រែន​ បានប្រារព្ធខួបលើកទីបួនរបស់ខ្លួន កាលពីថ្ងៃអង្គារ ជម្លោះនៅតែជាប់គាំង ដោយការចំណាយលើមនុស្ស និងសេដ្ឋកិច្ចកើនឡើង និងក្តីសង្ឃឹមតិចតួច​ សម្រាប់សន្តិភាពដែលបានចរចា។

ខណៈពេលដែលទាំងទីក្រុងគៀវ និងទីក្រុងមូស្គូ​ បានបញ្ជាក់ជាថ្មីអំពីឆន្ទៈ របស់ពួកគេក្នុងការចូលរួមក្នុងការសន្ទនា ការពិតនៅលើដីឆ្លុះបញ្ចាំង ពីអន្តរកម្មស្មុគស្មាញនៃជំនួយយោធា សមយុទ្ធការទូត និងសម្ពាធអន្តរជាតិ ដែលធ្វើឱ្យអនាគត នៃជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុប​ ចាប់តាំងពីសង្គ្រាមលោកលើកទី២​ មិនប្រាកដប្រជា ។

ការអំពាវនាវឱ្យមានសន្តិភាពកាន់តែខ្លាំងឡើង​ ខណៈដែលសង្គ្រាមនៅតែបន្ត ហើយការស្លាប់មនុស្ស និងសេដ្ឋកិច្ចបន្តកើនឡើង ការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការចូលរួមការទូតឡើងវិញកាន់តែខ្លាំងឡើង។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោក​ សម្រាប់បទឈប់បាញ់ជាបន្ទាន់ ពេញលេញ និងគ្មានលក្ខខណ្ឌ ជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ យូរអង្វែង និងទូលំទូលាយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រមុខអង្គការសហប្រជាជាតិបានឧ្យដឹងថា វិបត្តិនេះ “គឺជាស្នាមប្រឡាក់លើស្មារតីរួមរបស់យើង ហើយនៅតែជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ”។

ដើម្បីឲ្យសន្តិភាព មានយុត្តិធម៌ លោកបានលេីកឡេីងថា វាត្រូវតែស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ​ ពាក់ព័ន្ធ ដោយគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ មេដឹកនាំ G7 បានសន្យាបន្តគាំទ្រដំណើរការសន្តិភាព និងការពិភាក្សាដោយផ្ទាល់ ដោយបន្ថែមថា អឺរ៉ុបមានតួនាទីនាំមុខគេក្នុងដំណើរការនេះ ដោយមានការចូលរួមពីដៃគូផ្សេងទៀត។

មេដឹកនាំទាំងពីរបានឧ្យដឹងថា “យើងទទួលស្គាល់ថា មានតែអ៊ុយក្រែន និងរុស្ស៊ីទេ ដែលធ្វើការជាមួយគ្នាក្នុងការចរចាដោយស្មោះត្រង់ ទើបអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពបាន”។

ចំពោះប្រទេសចិន អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ម៉ៅ នីង បានឧ្យដឹងថា ជំហររបស់ប្រទេសចិន​ លើវិបត្តិអ៊ុយក្រែនគឺស៊ីសង្វាក់គ្នា និងច្បាស់លាស់ ហើយប្រទេសចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីសន្តិភាព៕

To Top