ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សូមអញ្ជើញយុវជនទូទាំងប្រទេសដាក់ពាក្យចូលរួមកម្មវិធី “វេទិកាយុវជនរបស់ឯកអគ្គរដ្ឋទូត៖ សំឡេងនៃអនាគត”
ភ្នំពេញ៖ ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សូមអញ្ជើញយុវជនទូទាំងប្រទេសដាក់ពាក្យចូលរួមកម្មវិធី “វេទិកាយុវជនរបស់ឯកអគ្គរដ្ឋទូត៖ សំឡេងនៃអនាគត”ដែលនឹងរៀបចំឡើងក្រោមប្រធានបទ “ការលើកតម្កើន ផលិតផលក្នុងស្រុកដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលេីទីផ្សារពិភពលោក៖ ទស្សនៈនៃសហរដ្ឋអាមេរិក និង កម្ពុជា ស្តីពីពាណិជ្ជកម្ម នវានុវត្តន៍ និងសហគ្រិនភាពយុវជន” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦។

វេទិកានេះនឹងប្រមូលផ្តុំតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិកតំណាងមកពីរាជរដ្ឋាភិបាលកម្ពុជានិងសហគ្រិនឈានមុខ ដើម្បីពិភាក្សាអំពីសហគ្រិនភាព នវានុវត្តន៍ ផលិតផលក្នុងស្រុក និងការពង្រីកនៅលើទីផ្សារអន្តរជាតិ។

“វេទិកាយុវជនរបស់ឯកអគ្គរដ្ឋទូត៖ សំឡេងនៃអនាគត” នឹងមានកិច្ចពិភាក្សាតុមូលក្រោមប្រធានបទចំនួនបីសំខាន់ៗ ដោយមានការចូលរួមពីតំណាងអ្នកការទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តំណាងរដ្ឋាភិបាលកម្ពុជា និងសហគ្រិនកម្ពុជា ដែលនឹងផ្តល់នូវចក្ខុវិស័យនិងបទពិសោធន៍ ដ៏មានតម្លៃពីវាគ្មិនកិត្តិយសលើបញ្ហាសំខាន់ៗ ដែលកំពុងប៉ះពាល់ដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា និងការចូលរួមនៅលើឆាកអន្តរជាតិ។
លើសពីនេះទៅទៀតវេទិកានេះមានគោលបំណងលើកស្ទួយមតិ និងទស្សនៈរបស់យុវជនលើឱកាសសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសផ្តល់ឱកាសឱ្យយុវជនបានចូលរួមកិច្ចសន្ទនាជាមួយថ្នាក់ដឹកនាំ និងអ្នកការទូតសហរដ្ឋអាមេរិកពង្រឹងសំឡេងរបស់ខ្លួនលើបញ្ហាដែលប៉ះពាល់ដល់អនាគត និងរួមចំណែកកសាងទំនាក់ទំនងសហរដ្ឋអាមេរិក និង កម្ពុជា ឱ្យកាន់តែរឹងមាំ។
តាមរយៈវេទិកានេះអ្នកចូលរួមនឹងទទួលបានចំណេះដឹងជាក់ស្តែងអំពីសមត្ថភាពប្រកួតប្រជែងទីផ្សារយល់ដឹងពីវិធីពង្រឹងផលិតផលក្នុងស្រុកឱ្យឈានដល់ទីផ្សារពិភពលោក និងពង្រីកបណ្តាញសង្គមរបស់ខ្លួន។
យុវជនចំនួន៥០នាក់ទូទាំងប្រទេសកម្ពុជានឹងត្រូវបានជ្រេីសរេីសចូលរួមវគ្គសន្ទនានិងទទួលបានបទពិសោធន៍ដោយផ្ទាល់ជាមួយអ្នកបង្កើតគោលនយោបាយ អ្នកការទូត និងអ្នកជំនាញឧស្សាហកម្ម។ ដើម្បីមានសិទ្ធចូលរួម អ្នកដាក់ពាក្យត្រូវចូលរួមវគ្គណែនាំ (Orientation) ជាកាតព្វកិច្ច នៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ មុនព្រឹត្តិការណ៍សំខាន់។វគ្គណែនាំនេះនឹងផ្តល់ការបណ្តុះបណ្តាលបន្ថែមដើម្បីពង្រីងជំនាញចាំបាច់ឱ្យយុវជនអាចទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយថ្នាក់ដឹកនាំក្នុងអំឡុងវេទិកា។អ្នកចូលរួមត្រូវមានសមត្ថភាពពិភាក្សាដោយមានទំនុកចិត្តជាភាសាអង់គ្លេស ជាមួយអ្នកការទូតសហរដ្ឋអាមេរិក និងមន្រ្តីរដ្ឋាភិបាលកម្ពុជា។
បេក្ខជនត្រូវមានអាយុចន្លោះពី ១៨ ដល់ ៣០ ឆ្នាំ ជាពលរដ្ឋខ្មែរ និងបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើបញ្ហាសង្គម និងការចូលរួមភាពជាមេដឹកនាំ។ ការដាក់ពាក្យបើកស្វាគមន៍ពាក្យពីយុវជនទូទាំងប្រទេស។បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈតំណរភ្ជាប់នេះ។ ថ្ងៃផុតកំណត់ការដាក់ពាក្យ៖ ០៣ ខែមីនា ឆ្នាំ ២០២៦។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមអ៊ីមែល ayc.ambassadorsyouthforum@gmail.com ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ The U.S. Ambassador’s Youth Council។
